Hyundai បោះទុន ១៦ ពាន់​លាន​ដុល្លារ ចូល​ទីផ្សារ​រថយន្ត​អគ្គិសនី

ប្រធានក្រុម​ហ៊ុន Hyundai លោក Euisun Chung

ក្រុមហ៊ុន​ខ្នាត​យក្ស Hyundai របស់ កូរ៉េខាងត្បូង កំពុង​រៀប​គម្រោង​វិនិយោគ​ប្រហែល ១៦ ពាន់​លាន​ដុល្លារ និង​បង្កើន​ទ្វេដង​នៃ​ចំណែក​ទីផ្សារ​របស់ខ្លួន​នៅក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​ទូទាំង​សកលលោក។

ក្រុមហ៊ុន Hyundai គ្រោង​នឹង​បង្កើន​ចំណែក​ទីផ្សារ​ឡើង ៧% នៅ​ឆ្នាំ ២០៣០ ក្នុង​គ្រា​ដែល​ការប្រកួតប្រជែង​ពី​បណ្ដា​ក្រុមហ៊ុនថ្មីៗ និង​បណ្ដា​ក្រុមហ៊ុន​ជា​គូប្រជែងចាស់ៗ កំពុង​ឡើង​កំដៅ​ខ្លាំង។

ព័ត៌មាន​ខាងលើ​ត្រូវ​បានលើកឡើង​កាលពី​សប្ដាហ៍​មុន ដោយ​លោក Jaehoon Chang ដែលជា​អគ្គនាយក​ប្រតិបត្តិ​របស់ Hyundai Motor។

ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​ដឹកនាំ​ដោយ​មហាសេដ្ឋី​កូរ៉េខាងត្បូង លោក Euisun Chung កំពុង​ជំរុញ​ការវិនិយោគ​ទៅលើ​ទីផ្សារ​រថយន្ត​អគ្គិសនី​ទូទាំង​ពិភពលោក ដែល​គ្រោង​នឹង​បង្កើនល្បឿន​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ដើម្បី​សមស្រប​ជាមួយ​គោលដៅ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​បណ្ដា​រដ្ឋាភិបាល​ក្នុង​ពិភពលោក។

យោងតាម​ការ​ព្យាករ​របស់ Market Research ទីផ្សារ​រថយន្ត​អគ្គិសនី​នឹងមាន​តម្លៃ ៩៥៧ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០៣០ ជាមួយនឹង​កំណើន​ដែលមាន​ល្បឿន​ទ្វេដង​ជា​រៀងរាល់ឆ្នាំ​គឺ ២៤.៥% ធៀប​នឹង​ឆ្នាំនេះ។

Advertisement