ប្រហែល «ស្អប់» Facebook ខ្លាំងពេក ទើបមហាសេដ្ឋី Elon Musk ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Twitter

យោងតាម​ឯកសារ​របស់​គណៈកម្មកា​រមូល​ប​ត្រ​អាម៉េរិក (SEC) លោក Elon Musk បច្ចុប្បន្ន​គឺជា​អ្នកកាន់កាប់​ភាគហ៊ុន Twitter ចំនួន ៩.២% ធ្វើឱ្យ​លោក​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ​បង្អស់​នៅក្នុង​បណ្ដាញ​សង្គម​នេះ។

ចំនួន​ភាគហ៊ុន​របស់​មហាសេដ្ឋី Musk គឺ​ច្រើនជាង​សហ​ស្ថាបនិក​របស់ Twitter លោក Jack Dorsey ដែល​មានតែ ២.២៥%។

ភាគហ៊ុន​របស់ Twitter បាន​កើនឡើង ២៥% បន្ទាប់ពី​ព័ត៌មាន​ខាងលើ​ត្រូវបាន​បង្ហើប។ ភាគហ៊ុន​របស់លោក Musk មានតម្លៃ​ប្រហែល ២.៨៩ ពាន់​លាន​ដុល្លារ នេះ​បើ​យោងតាម​តម្លៃ​ទីផ្សារ​ដែល​បាន​បិទទ្វារ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

ការដែល​នាំឱ្យ​លោក Musk ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ​នៅ Twitter ទំនងជា​មកពី​លោក​មិន​ចូលចិត្ត Facebook។ កាលពីពេល​កន្លងទៅ លោក Musk ធ្លាប់​បានធ្វើ​ការស្ទង់មតិ​នៅលើ Twitter ស្ដីពី​ការគោរព​សេរីភាព​ក្នុងការ​បញ្ចេញមតិ​រប​ស់​បណ្ដាញ​សង្គម​នេះ។ លទ្ធផល​បង្ហាញថា មាន​អ្នកលេង Twitter ជាង ៧០% ឆ្លើយថា Twitter មិន​គោរព​សេរីភាព​បញ្ចេញមតិ ចំណែក​ជាង ២៩% ឆ្លើយថា គោរព។

មហា​សេដ្ឋី Elon Musk និង មហា​សេដ្ឋី Zuckerberg

ដូច្នេះ ក្រុមអ្នកវិភាគ​យល់ថា ការដែល​លោក Musk ទិញ​ភាគហ៊ុន​យ៉ាងច្រើន​របស់ Twitter អាច​ថា មកពី​លោក​ចង់​បង្វែរ​ទិសដៅ​របស់ Twitter ទៅរក​ភាព​វិជ្ជមាន គឺ​ការគោរព​សិទ្ធិ​បញ្ចេញមតិ​ឱ្យបាន​ច្រើនជាង​មុន។

ជាង​នេះ លោក Elon Musk គឺជា «សត្រូវ​ធំ» របស់ Mark Zuckerberg ដែលជា​ម្ចាស់ Facebook និង​ជា​គូប្រជែង​របស់ Twitter។

កន្លងមក លោក Musk ក៏​ធ្លាប់​បានឱ្យ​ក្រុមការងារ​របស់លោក លុបចោល​ទំព័រ Facebook របស់ ក្រុមហ៊ុន SpaceX និង Tesla ផងដែរ។ មហាសេដ្ឋី​រូបនេះ ធ្លាប់​បង្ហោះ​សារ​ស្នើឱ្យ​គ្រប់គ្នា​លុប​បណ្ដាញ​សង្គម​នេះ​ចេញពី​ទូរស័ព្ទ និង​ងាក​ទៅប្រើ​កម្មវិធី​ផ្ញើ​សារ​ដែល​បំប្លែង​ជា​កូដ Sinnal ទៀតផង។

Advertisement