អាម៉េរិក ពិចារណា​អំពី​ការកាត់បន្ថយ​ពន្ធចំពោះ​ទំនិញ​នាំចូល​ពី ប្រទេស​ចិន ដើម្បី​ទប់ទល់​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ

Daleep Singh ទីប្រឹក្សារងផ្នែកសន្តិសុខអាម៉េរិក ទទួលបន្ទុកវិស័យសេដ្ឋកិច្ចអន្តរជាតិ

ទីប្រឹក្សា​របស់ សេត​វិមាន បានឱ្យដឹងថា រដ្ឋាភិបាល​អាម៉េរិក កំពុង​ពិចារណា​លើ​បញ្ហា​បន្ធូរបន្ថយ​ពន្ធចំពោះ​ទំនិញ​ទាំង​ឡាយ​ណា​​ដែល​មិន​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ​ និង​ជា​ទំនិញ​​នាំចូល​ពី ប្រទេស​ចិន។

Daleep Singh ទីប្រឹក្សា​រង​ផ្នែក​សន្តិសុខ​អាម៉េរិក ទទួលបន្ទុក​វិស័យសេដ្ឋកិច្ច​អន្តរជាតិ កាលពី​ថ្ងៃទី ២១ មេសា បានឱ្យដឹងថា វិធានការ​យកពន្ធ​លើ​ការ​នាំចូល​ទំនិញ​មួយចំនួន​​មិនមាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ ដែល​នាំចូល​ពី ប្រទេស​ចិន «បង្កើតជា​ឈ្នាន់​សម្រាប់​ការចរចា» ប៉ុន្តែ មិន​បម្រើ​ដល់​គោលដៅ​យុទ្ធសាស្ត្រ​របស់ អាម៉េរិក។ ការបន្ធូរបន្ថយ​ពន្ធ​នាំចូល​ចំពោះ​ក្រុម​ទំនិញ​ខាងលើ​នេះ​គឺជា​វិធានការ​មួយ​ដើម្បីឱ្យ​រដ្ឋាភិបាល​អា​ចទ​ប់​ទល់នឹង​បញ្ហា​អតិផរណា។

លោក Daleep Singh ឱ្យដឹងថា រដ្ឋាភិបាល​របស់លោក បៃ​ដិ​ន នឹង​រក្សា​នូវ​ការយកពន្ធ​លើ​ការ​នាំចូល​ទំនិញ​ទាំងឡាយណា​ដែល​ទាក់ទង​នឹង​ចង្វាក់​ផ្គត់ផ្គង់​សំខាន់បំផុត បច្ចេកវិទ្យា​ស្នូលនានា និង​សន្តិសុខ​ជាតិ។ ពន្ធ​លើ​ទំនិញប្រើប្រាស់​ធម្មតា​ដូចជា កង់ និង​សម្លៀកបំពាក់​ជាដើម អាច​ត្រូវបាន​បន្ធូរបន្ថយ។

លោក Daleep Singh សង្កាត់​ធ្ងន់​ថា កិច្ចព្រមព្រៀង​បន្ធូរ​បន្ថយពន្ធ​នាំចូល ត្រូវតែ​ធ្វើ​ឡើងជា​លក្ខណៈ​ទ្វេភាគី ក្នុងនោះ ប្រទេស​ចិន ត្រូវតែ​លុបចោល​បទបញ្ជា​ដែល​តម្រូវឱ្យ​យកពន្ធ​ចំពោះ​ទំនិញ​មួយចំនួន​មិនមាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ ដែល​ទិញ​ពី សហរដ្ឋ​អាម៉េរិក។

Advertisement