ភាគហ៊ុន Alibaba ធ្លាក់​ដាំ​ក្បាល​ចុះ បន្ទាប់ពី​ CCTV ផ្សាយ​ថា Hangzhou បានដាក់​កំហិត​លើ​​បុគ្គល​​​ម្នាក់​​ដែល​មានត្រកូល Ma

ក្រុម​អ្នកវិនិយោគ​នៅ Alibaba ហាក់បីដូច​កំពុង​អង្គុយ​ក្បែរ​អណ្ដាតភ្លើង​ដ៏​ក្ដៅ នៅពេល​បញ្ហា​នេះ​កើតឡើង។

យោងតាម​ទំព័រ Bloomberg ភាគហ៊ុន​របស់ Alibaba Group Holding ទើបតែ​បានឃើញ​នូវ​ការធ្លាក់ចុះ​ជាង ៩% បន្ទាប់ពី​ទូរទស្សន៍​រដ្ឋ​ចិន CCTV ផ្សាយ​កាលពី​ថ្ងៃ​អង្គា​រថា អាជ្ញាធរ​នៅ​ទីក្រុង Hangzhou បានដាក់​បទបញ្ជា​រឹតត្បិត​លើ​បុគ្គល ១ រូប​ដែលមាន​ត្រកូល Ma។

ភាគហ៊ុន​របស់ Alibaba ក្រោយមក​ក៏បាន​ងើបឡើង​ជិត​ដល់​តម្លៃ​ដើម បន្ទាប់ពី​ប៉ូលិស​ក្រុង Hangzhou បានចេញ​ប្រកាស​មួយ​ដែល​ដូច​ទៅនឹង​ការផ្សាយ​របស់ CCTV ប៉ុន្តែ មានការ​ប្ដូរផ្លាស់​តិច​តួច​ដែល​បង្ហាញថា ឈ្មោះ​របស់​ជនជាប់ចោទ​មាន ៣ ពាក្យ។ ចំណែក ឈ្មោះ​របស់​មហាសេដ្ឋី Jack Ma សហ​ស្ថាបនិក​របស់ Alibaba នៅក្នុង​ភាសា​ចិន មានតែ ២ ពាក្យ គឺ Ma Yun (马云)។

របាយការណ៍​ដំបូង​ឱ្យដឹងថា បុគ្គល​ដែល​ត្រូវបាន​គេ​លាក់​ឈ្មោះ​នេះ ត្រូវបាន​អនុវត្ត​នូវ​អ្វីដែល​គេ​ហៅថា «វិធានការ​បង្ខំ» កាលពី​ថ្ងៃទី ២៥ មេសា ក្រោយពី​ត្រូវបាន​ចោទ​ពីបទ​អុជអាល​ដើម្បី​ផ្ដួលរំលំ​រដ្ឋអំណាច និង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ។ នេះ​គឺជា​ព័ត៌មាន​ដែល CCTV បាន​ចុះផ្សាយ ដោយ​ដកស្រង់​ពី​អង្គភាព​សន្តិសុខ​សាធារណៈ ដែល​មិនមាន​ការបកស្រាយ​អ្វី​បន្ថែម។

ថ្វីបើ​មាន​ខ្លឹមសារ​ខ្លី ប៉ុន្តែ វា​បានធ្វើឱ្យ​ក្រុម​អ្នកវិនិយោគ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​រឹតត្បិត​ក្នុង​រយៈពេល​យូរ​របស់ ទីក្រុង​ប៉េកាំង ទៅលើ​គ្រប់​កន្លុកកន្លៀត​នៃ​វិស័យ​អ៊ី​ន​ធើរ​ណិ​ក ដោយ​ការចាប់ផ្ដើម​សំពង​លើ​មហាសេដ្ឋី Jack Ma ដំបូង​គេ។ មុន​នោះ អាជ្ញាធរ​ចិន បាន​ផ្អាក​គម្រោង IPO របស់ Ant Group Co. មុនពេល​ចាប់ផ្ដើម​យុទ្ធនាការ​ដើម្បី​កាត់បន្ថយ​ការកើនឡើង​នៃ​អំណាច និង​ការរីកចម្រើន​យ៉ាង​លឿន​របស់​បណ្ដា​ក្រុមហ៊ុន​ក្នុង​វិស័យ​អ៊ី​ន​ធើ​ណិ​ត។

ក្រុមមន្ត្រី​ចិន នៅ​ទីក្រុង Hangzhou ជាទី​ដែល​ទាំង Alibaba ទាំង Ant សុទ្ធ​តែមាន​ការិយាល័យ​កណ្ដាល មិនបាន​អធិប្បាយ​អ្វី​ចំពោះ​បញ្ហា​នេះ។ ចំណែក​តំណាង​របស់ Alibaba និង Ant ក៏​មិនបាន​ឆ្លើយតបភ្លាមៗទៅនឹង​សំណួរ​ពី Bloomberg ទាក់ទិន​នឹង​បញ្ហា​ខាងលើ៕

Advertisement