Elon Musk អាច​នាំយក Twitter ​ទៅ​ធ្វើ​ IPO​ នៅ​​ផ្សារ​​ហ៊ុន​​ម្ដង​ទៀត​ បន្ទាប់​ពី​​ទិញ​​បាន​​ច្រើន​​ឆ្នាំ

មហាសេដ្ឋីអាម៉េរិក លោក​ Elon Musk

មហាសេដ្ឋី Elon Musk លើកឡើង​នូវ​គម្រោង​បោះផ្សាយ​មូល​ប​ត្រ​ជា​សាធារណៈ​លើកដំបូង (IPO) ជាថ្មី ដើម្បី​បង្ហាញ​ដល់​ក្រុម​អ្នកវិនិយោគ​ថា លោក​អាច​កែលម្អ​សកម្មភាព និង​លទ្ធភាព​នៃ​ការរកបាន​ប្រាក់ចំណេញ​សម្រាប់ Twitter ក្នុង​រយៈពេល​ដ៏​ខ្លី។

អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក បាន​និយាយប្រាប់​អ្នកវិនិយោគ​ថា លោក​មាន​ផែន​ការធ្វើ IPO ចំពោះ Twitter បន្ទាប់ពី​ទិញ​បាន​ប្រហែល ៣ ឆ្នាំ នេះ​បើតាម​សារព័ត៌មាន WSJ។ បច្ចុប្បន្ន គម្រោង​នៃ​ការ​ទិញដូរ​បណ្ដាញ​សង្គម Twitter នេះ កំពុង​រង់ចាំ​ការឯកភាព​ពី​ក្រុម​ភាគ​ហ៊ុ​និករ​បស់ Twitter និង​ក្រុមមន្ត្រី​រដ្ឋាភិបាល ហើយ​គ្រោង​នឹង​រួចរាល់​នៅ​ចុងឆ្នាំ ២០២២។

នាយក​ប្រតិបត្តិ​របស់ Tesla បាន​បញ្ចុះបញ្ចូល​ក្រុមហ៊ុន​វិនិយោគធំៗជាង​ច្រើន ដើម្បីឱ្យ​ពួកគេ​ចូលរួម​ក្នុងការ​ទិញដូរ Twitter ដែល​ប្រការនេះ​អាចជួយ​កាត់បន្ថយ​ចំនួន​ទឹកប្រាក់ ២១ ពាន់​លាន​ដុល្លារ ជា​ប្រាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​របស់លោក ដែល​គ្រោង​នឹង​វិនិយោគ​ទៅលើ​ការ​ទិញដូរ​នេះ។ ចំណែក​ដែល​នៅសល់​គឺ​ពឹង​លើ​ប្រាក់កម្ចី​ពី​ធនាគារ។ WSJ ឱ្យដឹងថា ក្រុមហ៊ុន​មួយ​កំពុងតែ​ពិចារណា​លើ​ការចូលរួម នោះ​គឺ​ក្រុមហ៊ុន Apollo Global Management។

សញ្ញា​ខាងលើ​របស់លោក Musk បង្ហាញថា លោក​ចង់​បង្កើត​ទំនុកចិត្ត​ចំពោះ​ក្រុម​អ្នកវិនិយោគធំៗ និង​ឱ្យ​ពួកគេ​ជឿថា លោក​អាច​កែលម្អ​សកម្មភាព និង​លទ្ធភាព​នៃ​ការរកបាន​ប្រាក់ចំណេញ​សម្រាប់ Twitter ដោយ​ប្រើពេល​ខ្លី៕

Advertisement