ក្រុមហ៊ុន​មួយ​នេះ មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន ៣០ ម៉ូ​ដែល ក្នុង​រយៈពេល​ជិត ១០ ឆ្នាំ​ទៀត 

ក្រុមហ៊ុន Honda របស់ ជប៉ុន បានប្រកាសថា ពួកគេ​បានកំណត់​គោលដៅ​បញ្ចេញ​រថយន្ត​អគ្គិសនី (EV) ចំនួន ៣០ ម៉ូ​ដែល នៅ​ឆ្នាំ ២០៣០ ប៉ុន្តែ ក្រុមអ្នកវិភាគ​យល់ឃើញ​ថា Honda គួរតែ​ដើរ​ឱ្យបាន​ឆ្ងាយ​ជាង​នេះ។

ទីភ្នាក់ងារសារព័ត៌មាន Nikkei បានចេញ​ផ្សាយ​ថា ក្រុមហ៊ុន Honda នៅក្នុង​ខែ​នេះ បានប្រកាសថា ពួកគេ​កំណត់​គោលដៅ​បញ្ចេញ​រថយន្ត​អគ្គិសនី (EV) ចំនួន ៣០ ម៉ូ​ដែល នៅ​ឆ្នាំ ២០៣០។ កាលពី ១ ឆ្នាំមុន Honda បានប្រកាសថា នឹង​ឈប់​លក់​រថយន្ត​ដើរ​ដោយ​ប្រេងសាំង​នៅ​ឆ្នាំ ២០៤០។ យុទ្ធសាស្ត្រ​ថ្មី​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរិះគន់​ដែលថា ការសន្យា​របស់ Honda កន្លងមក គឺ​ខ្វះ​ភាពជាក់លាក់។

ប្រធាន​ក្រុមហ៊ុន Honda លោក Toshihiro Mibe ថ្លែងថា «តាំងពី​ខែមេសា ឆ្នាំ ២០២១ យើង​បានចាប់ផ្ដើម​ពិចារណា​រក​វិធី​ដើម្បី​សម្រេចបាន​គោលដៅ​នេះ។ ដោយមាន​ការរំពឹងទុក​នៅ​ស្រពេចស្រពិល យើង​បាន​រៀប​ផែនការ​ចុះឡើង​ជាច្រើនលើក»។

គម្រោង​ថ្មី​បំផុត​របស់ Honda តម្រូវឱ្យ​បង្កើន​ការផលិត​រថយន្ត​ឱ្យបាន​ជាង ២ លាន​គ្រឿងក្នុង ១ ឆ្នាំៗ ដែល​ប្រហាក់ប្រហែល​នឹង ៤០% បើ​ធៀប​នឹង​បរិមាណ​រថយន្ត​របស់​ក្រុមហ៊ុន​នេះ​នៅ​ឆ្នាំ ២០៣១។

ក៏ប៉ុន្តែ ភាគហ៊ុន​របស់ Honda បាន​ថយចុះ ៥ យេន នៅក្នុង​ថ្ងៃ​ដែល​ប្រកាស​ខាងលើនេះ​ត្រូវបាន​ផ្សព្វផ្សាយ ពោលគឺ​មក​នៅត្រឹម ៣,២២៩ យេន/ហ៊ុន។

Shinya Naruse អ្នកវិភាគ​មួយរូប​ប្រចាំ Okasan Securities ឱ្យដឹងថា «យើង​មិន​បានឃើញ​អ្វីដែល​យើង​រំពឹងទុក​សោះ នៅពេល​មើលទៅ​លើ​យុទ្ធសាស្ត្រ​របស់ Honda ឧទាហរណ៍​ដូចជា ការរួម​កម្លាំង​ជាមួយ​សកម្មភាព​ជំនួញ​ក្នុង​ផ្នែក​ម៉ូតូ​របស់​ក្រុមហ៊ុន​នេះ​ជាដើម»។

តម្លៃ​មូលធន​ទីផ្សារ​របស់ Honda កាលពី​ថ្ងៃនោះ​គឺ ៥.៨៥ ទ្រី​លាន​យេន (៤៥.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក) ថយចុះ​បន្តិច​ធៀប​នឹង​មុនពេល​ប្រកាស​ងាក​ទៅ​ផលិត​រថយន្ត​អគ្គិសនី​ទាំងស្រុង កាលពី​ខែមេសា ២០២១។ ក្នុងដំណាក់កាល​នោះ គូប្រជែង​របស់ Honda ក៏​កំពុងតែ​រត់ប្រណាំង​នៅ​ពីមុខ។ មូលធន​ទីផ្សារ​របស់ Tesla កើន ៤៧% ខណៈដែល BYD របស់ ចិន និង Toyota Motor កើន​បន្តបន្ទាប់​គឺ ៣៧% និង ២៤%។

លទ្ធភាព​នៃ​ការរកបាន​ប្រាក់ចំណេញ​ពី​ការផលិត​រថយន្ត​គឺជា​ឧបសគ្គ​ធំ​បំផុត​ចំពោះ​តម្លៃ​ភាគហ៊ុន​របស់ Honda ដែល​វា​ធំ​ជាង​ការខកចិត្ត​ទៅលើ​យុទ្ធសាស្ត្រ​ក្នុង​ការផលិត​រថយន្ត​អគ្គិសនី​របស់​ពួកគេ​ទៅទៀត។ Honda នៅតែ​បន្ត​ពឹង​ផ្អែកលើ​អាជីវកម្ម​ម៉ូតូ ដោយ​វិស័យនេះ​មាន​អត្រា​ចំណេញ ១៥% ជួយ​បង្កើន​អត្រា​ចំណេញ​រួម​របស់​ក្រុមហ៊ុន​នេះ​ឡើងដល់ ៦%។

យោងតាម​យុទ្ធសាស្ត្រ​ថ្មី ដែល​ស្នើឱ្យ​វិនិយោគ ៥ ទ្រី​លាន​យេន (៥,០០០,០០០,០០០,០០០) ទៅក្នុង​វិស័យ​រថយន្ត​អគ្គិសនី និង​វិស័យ​ដទៃទៀត​នៅ​ចុងខែ​មីនា ២០៣១ ក្រុមហ៊ុន Honda នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ណ៍​ជាមួយ GM នៅ​ក្នុងការ​ការចែករំលែក​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី និង​អភិវឌ្ឍ​រថយន្ត​រួមគ្នា។ Honda ក៏​កំពុង​ចាប់ដៃ​ជាមួយ Sony ដែលជា​ក្រុមហ៊ុន​ក្រៅ​វិស័យ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផ្នែក R&D (ស្រាវជ្រាវ និង​អភិវឌ្ឍ)។

ទោះជា​យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគ​យល់ឃើញ​ថា ក្រុមហ៊ុន Honda គួរតែ​ដើរ​ឱ្យបាន​ឆ្ងាយ​ជាង​ផែន​ការដែល​ពួកគេ​បាន​គ្រោងទុក៕

Advertisement