តម្លៃ​ភាគ​ហ៊ុន​ Twitter កើន​ឡើង​ច្រើន​ភាគ​រយ​ ក្រោយ​​ពី​ផ្សារ​ជួញ​ដូរ​ប្រាក់​ឌីជីថល​ធំជាង​គេ​ រួមចំណែក​​​ជាមួយ​ Elon Musk

លោក Changpeng Zhao

ផ្សារ​ជួញដូរ​រូបិយវត្ថុ​ឌីជីថល ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក Binance ចំណាយ​ប្រាក់ ៥០០ លាន​ដុល្លារ​អាម៉េរិក ដើម្បី​រួមចំណែក​ជាមួយ​មហាសេដ្ឋី Elon Musk ក្នុង​ការទិញ Twitter។

ឯកសារ​របស់​ម្ចាស់​ក្រុមហ៊ុន Tesla ដែល​បានដាក់​ឡើងទៅ​កាន់​គណៈ​កម្ម​ការមូល​ប​ត្រ និង​ផ្សារ​ហ៊ុន​អាម៉េរិក កាលពី​ថ្ងៃទី ៥ ឧសភា​ឱ្យដឹងថា ក្រុមហ៊ុន Binance ស្ថិត​ក្នុងចំណោម​អ្នកវិនិយោគ ១៩ ភាគី ដែល​រួមចំណែក​ក្នុងករណី​ទិញដូរ​បណ្ដាញ​សង្គម Twitter។ ប្រាក់​សរុប​ដែល​ប្រមូលបាន​គឺ ៧.១ ពាន់​លាន​ដុល្លារ ក្នុងនោះ Binance គឺជា​ភាគី​មួយ​ក្នុងចំណោម​អ្នកវិនិយោគធំៗ ដោយ​ចំណាយ​រហូតដល់ ៥០០ លាន​ដុល្លារ។

ឆ្លើយ​នឹង​សំណួរ​របស់ CoinDesk តំណាង​របស់ Binance ឱ្យដឹងថា ពួកគេ​ចូលរួម​ក្នុងករណី​ទិញដូរ​ខាងលើ ក្នុងនាម​ជា​អ្នកវិនិយោគ និង​គាំទ្រ​គម្រោង​នានា​របស់លោក Elon Musk សម្រាប់ Twitter។ ចំណែក​ស្ថាបនិក​របស់ Binance លោក Changpeng Zhao បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​ថា នេះ​គឺជា​ការរួមចំណែក​តិចតួច​ទៅក្នុង​មុខ​ជំនួញ។

បច្ចុប្បន្ន Binance គឺជា​ផ្សារ​ជួញដូរ​រូបិយវត្ថុ​ឌីជីថល ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក។ Changpeng Zhao ដែលមាន​រហ័ស​នាម​ថា CZ ក៏​ជា​អ្នកមាន​ជាងគេ​បង្អស់​នៅក្នុង​ពិភព​ប្រាក់​ឌីជីថល​ផងដែរ ដោយមាន​ទ្រព្យ​ប្រហែល ៦៥ ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម​សារព័ត៌មាន Forbes។

ក្រៅពី Binance នៅមាន​អ្នកវិនិយោគ​ជាច្រើន​ផ្សេងទៀត​ចូលរួម​កម្លាំង​ជាមួយ Elon Musk ក្នុងការ​ទិញដូរ Twitter ក្នុងនោះ​មានដូចជា Larry Ellison (១ ពាន់​លាន​ដុល្លារ), Sequoia Capital (៨០០ លាន​ដុល្លារ), VyCapital (៧០០ លាន​ដុល្លារ)។

Elon Musk ប្រកាសថា បានសម្រេច​កិច្ចព្រមព្រៀង​ទិញ Twitter កាលពី​ថ្ងៃទី ២៥ មេសា ក្នុងតម្លៃ​ប្រហែល ៤៤ ពាន់​លាន​ដុល្លារ ហើយ​គ្រោង​នឹង​រួចរាល់​នៅ​ខែតុលា។

ក្រោយពី​ព័ត៌មាន​ស្ដីពី Binance ចំណាយ​ប្រាក់​ទិញ Twitter ត្រូវបាន​ចុះផ្សាយ តម្លៃ​ភាគហ៊ុន Twitter ក៏បាន​កើន ២% ទៀត ពោលគឺ​ឡើងដល់ ៥០.១២ ដុល្លារ/ហ៊ុន ខណៈដែលប្រាក់​គ្រីបតូ (Cryptocurrency) ឬ​ហៅ​ថា ប្រាក់​ឌីជីថល ​របស់ Binance គឺ Binane Coin (BNB) កើន​ពី ៣៩៩ ឡើងដល់ ៤១៤ ដុល្លារ/កាក់។

Advertisement