កប៉ាល់​ទេសចរណ៍​ល្បឿន​លឿន​ធំ​បំផុត​នៅ វៀតណាម ត្រៀម​ដឹក​ភ្ញៀវ​ទៅ-មក​កោះ​ត្រឡាច

នៅ​ ហៃហ្វុង នៅ​ថ្ងៃទី ៦ ឧសភា​នេះ ក្រុមហ៊ុន​កប៉ាល់​ល្បឿន​លឿន ហ្វ៊ូ​ក្វុ​ក (កោះត្រល់-Phu Quoc) សហការ​ជាមួយ​ក្រុមហ៊ុន​ការពារជាតិ​មួយ​របស់ រដ្ឋ​វៀតណាម បាន​សម្ពោធ​ដាក់​បណ្ដែត​ទឹក​កប៉ាល់ ថាំង​ឡុង ដែលជា​កប៉ាល់​ល្បឿន​លឿន និង​ធំ​បំផុត​នៅ វៀតណាម ដើម្បី​ត្រៀម​ដំណើរការឆាប់ៗនេះ។

តាម​គម្រោង កប៉ាល់​ខាងលើនេះ​នឹង​ដឹក​អ្នកដំណើរ​ពី វ៉ុ​ង​តៅ (Vung Tau) ទៅ​កោះ​កូន​ដៅ (កោះ​ត្រឡាច-Con Dao) ចាប់ពី​ខែកក្កដា ឆ្នាំ ២០២២។

កប៉ាល់​ល្បឿន​លឿន​ឈ្មោះ ថាំង​ឡុង មាន​បណ្ដោយ​ប្រវែង ៧៧.៤៦ ម៉ែត្រ, កម្ពស់ ៤ ជាន់ ក្នុងនោះ ២ ជាន់​ជា​ប្រភេទ Eco, ១ ជាន់​ជា​ប្រភេទ​ពិសេស (VIP) និង​ជាន់​លើ​បង្អស់​ជា «Café Roof Top»។ កប៉ាល់​ថាំង​ឡុង អាច​ដឹក​មនុ​ស្សបាន ១,០១៧ នាក់ ដោយ​ប្រើប្រាស់​ម៉ាស៊ីន Rolls-Royce MTU ចំនួន ៣ គ្រឿង ដែលមាន​កម្លាំង​សរុប ១១,៥៨០ សេះ។ ចំណែក​ដងខ្លួន​របស់​វា ធ្វើ​អំពី​សមាសធាតុ​អា​លុយ​មី​ញូ​ម នាំចូល​ពី អ៊ីតាលី។ កប៉ាល់​នេះ​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន​រហូតដល់​ជាង ៥៥ គីឡូម៉ែត្រ/ម៉ោង។

ក្រុមហ៊ុន​គ្រប់គ្រង​កប៉ាល់​ល្បឿន​លឿន ហ្វ៊ូ​ក្វុ​ក ឱ្យដឹងថា បច្ចុប្បន្ន ពួកគេ​មាន​កប៉ាល់​ចំនួន ១១ គ្រឿង​កំពុងដំណើរការ ដែល​ទាំងអស់​សុទ្ធតែជា​ប្រភេទ​ទំនើប និង​សុវត្ថិភាព​លំដាប់​កំពូល​នៅ វៀតណាម។ ចំណែក ក្រុមហ៊ុន​ផលិត​កប៉ាល់​របស់​កង​ទ័ព​វៀតណាម និយាយថា ក្រុមហ៊ុន​នេះ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុង​ការធ្វើ​ទំនើបកម្ម​ផលិតផល ទាំង​ក្នុង​វិស័យ​យោធា និង​វិស័យ​ពាណិជ្ជកម្ម ព្រមទាំង​ពង្រីក​ទីផ្សារ ទាំង​ក្នុង និង​ក្រៅប្រទេស។

Advertisement