ក្លឹប​បាល់​ទាត់​ Chelsea ត្រូវបាន​លក់​ដោយ​ជោគជ័យ ប៉ុន្តែ មហា​សេដ្ឋី Abramovich មិនទទួល​បាន​ ១ រៀល​ណា​សោះ

គេហទំព័រ​ផ្លូវការ​របស់​ក្លឹប​បាល់ទាត់ Chelsea ថ្មីៗនេះ​បានប្រកាស​ជា​ផ្លូវការ​ថា ក្រុម​អ្នកវិនិយោគ​ដែល​ដឹកនាំ​ដោយ​មហាសេដ្ឋី Todd Boehly សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ​ក្លឹប Chelsea ពី មហាសេដ្ឋី​រុស្ស៊ី Roman Abramovich ក្នុងតម្លៃ​ជាង ៤ ពាន់​លាន​ផោន ដែល​ប្រហែល​នឹង ៤.៩៣ ពាន់​លាន​ដុល្លារ​អាម៉េរិក។

តាម​គម្រោង មហាសេដ្ឋី Boehly នឹង​ទូទាត់ ២.៥ ពាន់​លាន​ផោន ដើម្បី​ទិញ​ភាគហ៊ុន និង ១.៧៥ ពាន់​លាន​ផោន​ដែល​នៅសល់​នឹង​ត្រូវបាន​ទូទាត់​ក្រោមរូបភាព​វិនិយោគ​ទៅលើ​ក្លឹប ដូចជា សាងសង់​ទីលាន​ប្រកួត ឬ​ចំណាយ​ទៅលើ​ក្រុមបាល់ទាត់​នារី​ជាដើម។

ប្រាក់ ២.៥ ពាន់​លាន​ផោន​ខាងលើ នឹងត្រូវ​បាន​ផ្ទេរ​ទៅក្នុង​គណនី​មួយ​នៅ អង់គ្លេស ហើយ​ត្រូវ​បង្កកភ្លាមៗ ដើម្បី​កុំឱ្យ​លោក Abramovich ផ្ទេរ​ចេញទៅ​បរទេស។ ប្រាក់​ទាំងនេះ​នឹងត្រូវ​បាន​ប្រើប្រាស់​ក្នុង​គោលបំណង​មនុស្សធម៌។

ដូច្នេះ មហាសេដ្ឋី​រុស្ស៊ី Abramovich ហាក់​មិន​ទទួលបាន​សូម្បីតែ ១ រៀល ពី​ការលក់​ក្រុមបាល់ទាត់​របស់លោក។

មហា​សេដ្ឋី Todd Boehly

ទោះជា​យ៉ាងណាក៏ដោយ សារព័ត៌មាន Wall Street Journal ឱ្យដឹងថា ការ​ទិញដូរ​ខាងលើនេះ​នៅតែ​ត្រូវការ​ឱ្យមាន​ការអនុម័ត​ជា​ផ្លូវការ​ពី រដ្ឋាភិបាល​អង់គ្លេស។

លោក Abramovich ដែល​កាន់កាប់​ក្រុមបាល់ទាត់ Chelsea ជិត ២០ ឆ្នាំ​មកនេះ បាន​ចំណាយ​ប្រាក់កាស​ជាច្រើន​ដើម្បី​ទិញ​កីឡាករ ក៏ដូចជា​ទទួលយក​ការខាតបង់​ជាង ១ ពាន់​លាន​ដុល្លារ ដើម្បី​ប្រែក្លាយ​ក្លឹប​នេះ​ទៅជា​ក្រុមបាល់ទាត់​លេចធ្លោ​ជាងគេ​មួយ​នៅ ពានរង្វាន់​បាល់ទាត់​អង់គ្លេស Premier League (ព្រី​មៀ​រលីគ)។

ឆ្នាំ ២០២១ Chelsea គឺជា​ក្រុម​ដែល​ដណ្ដើមបាន​តំណែង​ជើងឯក UEFA Champions League (UCL) នៅ​អឺរ៉ុប។

ប៉ុន្តែ ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន កាលពី​ខែមីនា ២០២២ មហាសេដ្ឋី Abramovich ត្រូវ​បង្ខំចិត្ត​លក់​ក្លឹប​នេះ។ រដ្ឋាភិបាល​អង់គ្លេស បាន និង​កំពុង​តាមដាន​ការទិញ​ដូរ​ក្លឹប​បាល់ទាត់ Chelsea យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ធានាថា មហាសេដ្ឋី Abramovich នឹង​មិនអាច​ទទួលបាន​ផលប្រយោជន៍​ពី​ការទិញ​ដូរ​នេះ៕

Advertisement