ប្រជុំ​កោះ Faroe ក្លាយជា «កំពង់ផែ» ថ្មី សម្រាប់​កប៉ាល់​ទាំងឡាយ​របស់ រុស្ស៊ី ដែល​ត្រូវ​ហាម​ចូល​ចត​នៅ អឺរ៉ុប

ដោយ​ត្រូវបាន​ហាមឃាត់​ចូល​ចត​នៅ​កំពង់ផែ​នានា​របស់ អឺរ៉ុប ចាប់តាំងពី​កញ្ចប់​ទណ្ឌកម្ម​ទី ៥ របស់ សហភាព​អឺរ៉ុប (EU) ប្រឆាំងនឹង រុស្ស៊ី ត្រូវបាន​អនុម័ត​កាលពី​ថ្ងៃទី ១៦ មេសា បណ្ដា​ទូក កប៉ាល់​របស់ រុស្ស៊ី បាន​រកឃើញ​កំពង់ផែ​ដ៏​សមគួរ​សម្រាប់​ពួកគេ នោះ​គឺ​ប្រជុំ​កោះ Faroe។

ប្រជុំ​កោះ Faroe ដែលជា​ទឹកដី​ស្វយ័ត​មួយ​របស់ ប្រទេស​ដា​ណឺ​ម៉ាក ស្ថិតនៅ មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ខាងជើង។ អាជ្ញាធរ​របស់ ប្រជុំ​កោះ Faroe អនុញ្ញាតឱ្យ​បណ្ដា​ទូក កប៉ាល់​របស់ រុស្ស៊ី ចូល​ចត និង​លើកដាក់​ទំនិញ​ដោយ​សេរី។

ប្រជុំ​កោះ​ដែលមាន​ប្រជាជន​ជាង ៥០,០០០ នាក់ និង​ស្ថិតនៅ​ចន្លោះ​ប្រជុំ​កោះ Shetland និង Iceland នេះ គឺជា​ចំណុច​គោល​មួយ​នៃ​ចរាចរណ៍​ដែនសមុទ្រ​សំខាន់​ចំពោះ​កប៉ាល់​នេសាទ​របស់ រុស្ស៊ី ដោយសារ​ជាទី​កន្លែង​ផ្ទេរ និង​ផ្ទុក​ជលផល​មួយផ្នែកធំ​ក្នុងចំណោម ៣៧០,០០០ តោន ដែល​បណ្ដា​កប៉ាល់​របស់​ប្រទេសផ្សេងៗនាំចូល​កំពង់ផែ​នានា​របស់​ប្រទេស​នេះ។

នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក លោក Mette Frederiksen គ្រាន់តែ​អាច​សង្ឃឹមថា ក្រុម​មេដឹកនាំ​របស់ ប្រជុំ​កោះ Faroe «គោរព​តាម​ការសម្រេច» របស់ EU។ ដា​ណឺ​ម៉ាក មិនអាច​លូកដៃ​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រជុំ​កោះ​នេះ តាំងតែ​ពី​ឆ្នាំ ១៩៤៨។

ជា​ទឹកដី​ដែល​ផ្សារភ្ជាប់​ជាមួយ EU ប៉ុន្តែ ប្រជុំ​កោះ Faroe មិន​ទទួលរង​ចំណង​ផ្នែក​ច្បាប់​ក្នុងការ​អនុវត្ត​វិធានការ​ទណ្ឌកម្ម​របស់ សហភាព​អឺរ៉ុប ឡើយ។ ប្រជុំ​កោះ​នេះ​បន្ត​បង្កើន​ចំនួន និង​ពង្រីង​កំពង់ផែ​របស់ខ្លួន​សម្រាប់​បណ្ដា​កប៉ាល់​នេសាទ​របស់ រុស្ស៊ី និង​ការនាំចេញ​ជលផល​រប​ស់​ខ្លួន​ទៅកាន់ រុស្ស៊ី។ ចំណែក ដា​ណឺ​មាក វិ ក៏​មិន​ចង់​កាត់ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​ធំ​បំផុត​របស់ខ្លួន ដែល​កាន់កាប់ ២៣.២% (ឆ្នាំ ២០២១) ក្នុងការ​នាំចេញ​ជលផល និង ៩៥% នៃ​ពាណិជ្ជកម្ម​របស់​ពួកគេ៕

Advertisement