​រថយន្ត​ដឹកទំនិញ​ដើរ​ដោយ​ថាមពល​អ៊ីដ្រូសែនធំជាងគេ​បង្អស់​នៅ​​ក្នុង​ពិភព​លោក កំពុង​តាំង​បង្ហាញ​នៅ​ អាហ្វ្រិក​ខាង​ត្បូង

ក្រុមហ៊ុន Anglo American កាលពី​ថ្ងៃទី ៨ ឧសភា បានបង្ហាញ​រថយន្ត​ដឹកទំនិញ​ដើរ​ដោយ​ថាមពល​អ៊ីដ្រូសែន​ដែលមាន​ទម្ងន់ ២២០ តោន នៅឯ​អណ្ដូងរ៉ែ​ប្លា​ទីន​មួយ​នៅ​ភាគ​ខាងជើង​នៃ ប្រទេស​អាហ្វ្រិក​ខាងត្បូង។

ត្រូវបាន​គេ​ឃោសនា​ថា​ជា​រថយន្ត​ដែល​នឹង​ចូលមក​ជំនួស​យានយន្ត​ម៉ា​ស៊ូ​តរបស់ Anglo American រថយន្ត​ដឹកទំនិញ​ខ្នាត​យក្ស​នេះ​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ផ្ទះមួយ​ខ្នង។ វា​ប្រើប្រាស់​ថ្ម​អ៊ីដ្រូសែន ២ មេ​ហ្គា​វ៉ា​ត់ និង​មាន​សមត្ថភាព​ដឹក​រ៉ែ​ទម្ងន់ ២៩០ តោន ហើយ​បច្ចុប្បន្ន ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​អណ្ដូងរ៉ែ Mogalakwena មាន​ចម្ងាយ​ពី​ទីក្រុង Johannesburg ប្រហែល ២៥០ គីឡូម៉ែត្រ។

ក្រុមហ៊ុន​រុករក​រ៉ែ​អន្តរជាតិ Anglo American ដែលមាន​មូលដ្ឋាន​នៅ ប្រទេស​អង់គ្លេស ឱ្យដឹងថា ពួកគេ​មានបំណង​សម្រេចបាន​គោលដៅ​បន្សាប​កាបូន នៅ​ឆ្នាំ ២០៤០។

បច្ចេកទេស​របស់ Anglo American គឺ​ប្រើប្រាស់​ថាមពលព្រះអាទិត្យ​ដើម្បី​បំបែក​ទឹក​ឱ្យទៅជា​អាតូម​អ៊ីដ្រូសែន និង​អុកស៊ីសែន។ អ៊ីដ្រូសែន នៅពេល​ត្រូវបាន​ដុត​ឆេះ​នឹង​បញ្ចេញ​តែ​ចំហាយ​ទឹក​ប៉ុណ្ណោះ ពោលគឺ​មិន​ដូច​ទៅនឹង​ប្រេងឥន្ធនៈ​ដែល​បានមកពី​ហ្វូ​ស៊ី​ល ដែល​បញ្ចេញ​ឧស្ម័ន CO២ ធ្វើឱ្យ​ផែនដី​ឡើងក​ម្ដៅ។

នាយក​ប្រតិបត្តិ Duncan Wanblad បានឱ្យដឹងថា ប៉ុន្មាន​ឆ្នាំ​ទៀត​ប៉ុណ្ណោះ Anglo American នឹង​ប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អ៊ីដ្រូសែន ជំនួស​បណ្ដា​រថយន្ត​ដែល​ដើរ​ដោយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត។

កាលពី​ខែវិច្ឆិកា ២០២១ បណ្ដា​ប្រទេស​អ្នកមាន រួមមាន បារាំង, អាល្លឺម៉ង់, អង់គ្លេស និង សហរដ្ឋ​អាម៉េរិក បាន​សន្យា​ជួយ​ផ្នែក​បច្ចេកទេស និង​ជំនួយ​ជា​ទឹកប្រាក់​យ៉ាងតិច ៨.៥ ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ឱ្យ អាហ្វ្រិក​ខាងត្បូង ប្ដូរផ្លាស់​ទៅរក​សេដ្ឋកិច្ច​ដែល​បញ្ចេញ​កាបូន​កម្រិត​ទាប៕

Advertisement