នារី​ម្នាក់​ វ័យ ២៦ ឆ្នាំ រកបាន​ប្រាក់​​ចំណេញ ៧,០០០ ដុល្លារ/ខែ ពី​ការលក់​សម្លៀកបំពាក់​ជ​ជុះ

នាង Olivia Hillier

Olivia Hillier ធ្វើ​ជំនួញ​ក្នុង​វិស័យ​សម្លៀកបំពាក់​មួយ​ទឹក និង​រកបាន​ប្រាក់ចំណេញ​ប្រហែល​ពី ៦,០០០ ទៅ ៧,០០០ ដុល្លារ​អាម៉េរិក ជា​រៀងរាល់ខែ។

នាង Olivia Hillier ចាប់ផ្ដើម​ការងារ​បន្ទា​ប់​បន្សំ​របស់​នាង ដោយ​លក់​អាវយឺត​តម្លៃ ៥ ដុល្លារ​អាម៉េរិក ដែល​នាង​បានឃើញ​នៅក្នុង​ហាង​សម្លៀកបំពាក់​តម្លៃ​ទាប​មួយកន្លែង។

Hillier គឺជា​និស្សិត​ពេទ្យ​នៅ​សាកលវិទ្យាល័យ Oakland ក្នុង​រដ្ឋ Michigan សហរដ្ឋ​អាម៉េរិក។ នាង​សន្សំ​បាន​បទពិសោធន៍​មួយចំនួន​ដោយសារតែ​ការលក់​សម្លៀកបំពាក់​មួ​យ​ទឹក​នៅលើ​កម្មវិធី (App) លក់ទំនិញ​ជជុះ Poshmark។ នៅក្នុង​សម័យ​កូ​វីដ-១៩ ឆ្នាំ ២០២០ នាង​បាន​រកឃើញថា អ្នកលក់​នៅលើ Poshmark កំពុង​រកបាន​ប្រាក់ចំណេញ​ច្រើន​ពី​ការ «ទិញ​ហើយ​លក់​វិញ» នូវ​សម្លៀកបំពាក់​ទាក់​សម័យ​មួយ​ទឹក។

នារី​រូបនេះ​បានចាប់ផ្ដើម​ស្រាវជ្រាវ​លើ​វិធី​ដំណើរការ​នៅលើ​ហាង​អន​ឡាញ Poshmark និង​ពិចារណា​អំពី​យុទ្ធសាស្ត្រ​លក់​របស់ខ្លួន។

អាវយឺត​តម្លៃ ៥ ដុល្លារ​ដំបូង​របស់​នាង ក្រោយមក​ត្រូវបាន​លក់​ក្នុងតម្លៃ ២០ ដុល្លារ។ ចាប់ពីពេលនោះ​មក មុខរបរ​នេះ​បាន​នាំមក​នូវ​ចំណូល​សរុប​ជាង ១១៧,០០០ ដុល្លារ​ដល់​នាង ក្នុងនោះ ឆ្នាំ ២០២១ Hillier រកបាន​ប្រហែល ៨៥,០០០ ដុល្លារ។ ជា​រៀងរាល់ខែ នាង​រកបាន​ប្រាក់ចំណេញ​ចាប់ពី ៦,០០០ ដល់ ៧,០០០ ដុល្លារ ដែល​នេះ​ជួយ​ឱ្យ​នាង​ទិញ​បាន​ផ្ទះមួយ​ខ្នង​ដែលមាន ៥ បន្ទប់​គេង។

ចាប់ពី​ខែសីហា ២០២០ Hillier បាន​សិក្សា​ស្រាវជ្រាវ​លម្អិត ហើយ​ចុងក្រោយ​នាង​បាន​រកឃើញថា សម្លៀកបំពាក់​បែប «vintage» ទទួលបាន​ការពេញនិយម​ជាងគេ។ អតិថិជន​សំខាន់​របស់​នាង​គឺជា​នារី​ដែលមាន​អាយុ​ចាប់ពី ២៦ ដល់ ៤០ ឆ្នាំ។

ដំបូង នាង​គិតថ្លៃ​ពី ២០ ដល់ ៣០ ដុល្លារ​សម្រាប់​ទំនិញ​មួយ​មុខ ដោយ​មិន​គិត​អំពី​ប្រភព​ទំនិញ។ ក្រោយពី​ការស្រាវជ្រាវ នាង​បាន​កែ​ប្រែង​តម្លៃ ក្នុងនោះ រ៉ូ​ប​មួយឈុត​របស់ Hillier ត្រូវបាន​លក់​ចាប់ពី ២៥ ដល់ ២០០ ដុល្លារ អាស្រ័យ​លើ​ម៉ាក និង​តម្លៃ​លក់រាយ​របស់​ទំនិញ។

Hillier រៀបរាប់​ប្រាប់ថា នៅ​ថ្ងៃ​សុក្រ នាង​តែងតែ​ទៅកាន់​ហាង​លក់​សម្លៀកបំពាក់​តម្លៃ​ទាប​នានា ដើម្បី​វិភាគ បែងចែក​ប្រភេទ​ទំនិញ។ ថ្ងៃអាទិត្យ នាង​ទៅ​ស្លៀកពាក់ និង​ថតរូប​សម្រាប់​កម្រង​សម្លៀកបំពាក់​ថ្មី​របស់ខ្លួន។ នៅ​ថ្ងៃ​ចន្ទ ពេលទំនេរ​ចន្លោះ​ពី​ម៉ោង​សិក្សា នាង​បង្ហោះ​រូបថត​នៃ​ផលិតផល​ថ្មី​របស់ខ្លួន​ទៅលើ Poshmark។ ថ្ងៃ​ណា​ក៏​នាង​ត្រូវ​ទៅ​ផ្ញើ​ទំនិញ​ឱ្យ​អតិថិជន។

យោង​តាម​ CNBC ទន្ទឹមនឹង​ការស្រាវជ្រាវ ការវិភាគ ការបែងចែក​ប្រភេទ​ទំនិញ ឬ​មួយ​ការកំណត់​ពេលវេលា​ជាក់លាក់​ក្នុងការ​បង្ហោះ​លក់​ខាងលើ នាង Olivia​ Hillier ក៏បាន​បង្កើន​ប្រភព​ទំនិញ​តាម​ដែល​អាចធ្វើ​ទៅបាន។ ក្រៅពីនេះ ការជ្រើសរើស​កន្លែង​លក់ (គេហទំព័រ E-Commerce) ក៏ត្រូវ​បាន​នាង​យកចិត្តទុកដាក់ ដោយសារ​ថា កន្លែង​លក់​ខ្លះ​កាត់​ភាគរយ​ពី​ទំនិញ​ខ្ពស់​បន្តិច​មែន ប៉ុន្តែ សេវាកម្ម​ល្អ ខណៈ​កន្លែង​ខ្លះ​កាត់​ភាគតិច ប៉ុន្តែ សេវា​មិន​បានល្អ ដូច្នេះ​នាង​ត្រូវធ្វើ​ការជ្រើសរើស​នូវ​ថ្នាល​បច្ចេកវិទ្យា​ដែល​ផ្ដល់​បទពិសោធន៍​ល្អ​ដល់​អតិថិជន​របស់​នា​ង។

Hillier និយាយថា «ពិតជា​អស្ចារ្យ​ណាស់​នៅពេល​វា (ថ្នាល​បច្ចេកវិទ្យា) មិន​ត្រឹមតែ​ជួយ​ឱ្យ​យើង​មាន​ពេលវេលា​ធ្វើ​អ្វីដែល​ខ្លួន​ចូលចិត្ត​នោះទេ តែ​ក៏​ឱ្យ​យើង​មានលទ្ធភាព​សម្រាប់ធ្វើ​រឿងផ្សេង» នៅពេល​លក់ដូរ​អន​ឡាញ​បែបនេះ៕

Advertisement