Elon Musk ចង់​ប្រែ​ក្រឡាស់​រឿង​ទិញដូរ​​បណ្ដាញ​សង្គម Twitter

មហា​សេដ្ឋី​ Elon Musk កំពុង​ពិចារណា​រក​វិធី​ដើម្បី​ទិញ​បណ្ដាញ​សង្គម​ Twitter ក្នុងតម្លៃ​ទាប​ជាង ៤៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

យោងតាម​សារព័ត៌មាន New York Times នៅក្នុង​សិក្ខាសាលា All-In Summit កាលពី​ម្សិលមិញ លោក Elon Musk ត្រូវបាន​សួរ​អំពី​លទ្ធភាព​នៃ​ការចរចា​លើ​ការ​ទិញដូរ​បណ្ដាញ​សង្គម Twitter។ មហាសេដ្ឋី​រូបនេះ​ឆ្លើយថា ការទិញ Twitter ក្នុងតម្លៃ​ទាប​ជាង ៤៤ ពាន់​លាន​ដុល្លារ​គឺជា​រឿង​ដែល «មិនទាន់​អាច​រំលង​ចោល​បានឡើយ»។

មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង រូបនេះ និង​បណ្ដាញ​សង្គម Twitter មិនទាន់មាន​ប្រតិកម្ម​អ្វី​ទៅនឹង​ការចុះផ្សាយ​ព័ត៌មាន​ខាងលើ​របស់ New York Time នៅឡើយ។

ក្រុមអ្នកវិភាគ​យល់ថា លោក Musk ទំនងជា​កំពុងតែ​រក​វិធី​ដើម្បី​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង ឬ​លើកឡើង​នូវ​តម្លៃ​ទាប​ជាង​បច្ចុប្បន្ន ពិសេស​គឺ​នៅពេល​តម្លៃ​ភាគហ៊ុន​ដែល​ទាក់ទង​បាន​ធ្លាក់ចុះ​ទាប​ចាប់តាំងពី​ករណី​ទិញដូរ​នេះ​ត្រូវបាន​ប្រកាស​ជា​សាធារណៈ។

កាលពី​ថ្ងៃទី ២៥ មេសា Twitter ប្រកាសថា បាន​យល់ព្រម​តាម​សំណើសុំ​ទិញ​បណ្ដាញ​សង្គម​នេះ​របស់​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla ក្នុងតម្លៃ ៥៤.២០ ដុល្លារ/ហ៊ុន ដូច្នេះ Twitter មានតម្លៃ ៤៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

Advertisement