ក្រុមហ៊ុន​ឱសថ​របស់ ស្វ៊ី​ស អភិវឌ្ឍ​ឧបករណ៍ PCR សម្រាប់​តេស្តរ​កវី​រុស​អុត​ស្វា (monkeypox)

ក្រុមហ៊ុន​ផលិត​ឱសថ Roche របស់ ប្រទេស​ស្វ៊ី​ស កាលពី​ថ្ងៃទី ២៥ ឧសភា បានប្រកាសថា អភិវឌ្ឍ​ឧបករណ៍​តេស្ត​ប្រភេទ PCR ដែល​អាច​រកឃើញ​វីរុស​បង្ក​ជំងឺ​អុត​ស្វា។

យោងតាម​ក្រុមហ៊ុន Roche ម៉ាស៊ីន​ធ្វើតេស្ត PCR កំណែ​ដំបូង​អាច​រកឃើញ​វីរុស​ដែល​ស្ថិតក្នុង​អម្បូរ Orthopoxvirus, ចំណែក​កំណែ​ទី​ពីរ​អាច​រកឃើញ​វីរុស​បង្ក​ជំងឺ​អុត​ស្វា ខណៈដែល​កំណែ​ទី​បី​អាច​រកឃើញ​វីរុស​ទាំងពីរ​ប្រភេទ​នេះ។

អង្គការ​សុខភាព​ពិភពលោក (WHO) យល់ថា ការធ្វើ​តេស្ត​ដោយ​ម៉ាស៊ីន PCR គួរ​ត្រូវ​បានផ្ដល់​អាទិភាព​មុនគេ​ដោយសារតែ​វា​មាន​ភាព​សុក្រឹត​ខ្ពស់។

នៅ​ទូទាំង​សកលលោក ករណី​ឆ្លង​ជំងឺ​អុត​ស្វា បាន​កើន​ឡើងដល់ ២១៩ នាក់ នេះ​គឺជា​ការប្រកាស​របស់ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង​អឺរ៉ុប (ECDC) ធ្វើឡើង​កាលពី​ម្សិលមិញ។

ដោយ​មើលឃើញ​ហានិភ័យ ប្រទេស​អេ​ស្ប៉ា​ញ បាន​រៀប​គម្រោង​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​អុត​ស្វា Imvanex និង​ថ្នាំ​ប្រឆាំង​វីរុស Tecovirimat តាមរយៈ​យន្តការ​របស់ សហភាព​អឺរ៉ុប ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល។ វ៉ាក់សាំង Imvanex ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Bavarian Nordic របស់ ដា​ណឺ​ម៉ាក និង​ត្រូវបាន​ស្ថាប័ន​ឱសថ​អឺរ៉ុប ទទួលស្គាល់​រួចហើយ។

នៅ សហរដ្ឋ​អាម៉េរិក វ៉ាក់សាំង Imvanex ក៏​ត្រូវបាន​អាជ្ញាធរ​គ្រប់គ្រង​អាហារ និង​ឱសថ (FDA) ផ្ដល់​ការ​ការអនុញ្ញាតឱ្យ​លក់​ក្នុង​ទីផ្សារ​ជាមួយនឹង​ឈ្មោះ Jynneos សម្រាប់​ប្រឆាំងនឹង​ជំងឺ​អុតធំ និង​ជំងឺ​អុត​ស្វា។

Advertisement