មហាសេដ្ឋី​លេខ​មួយ​នៅ អ៊ុយ​ក្រែ​ន ចង់​ប្ដឹង​ប្រឆាំង រុស្ស៊ី ព្រោះ​ទម្លាក់​គ្រាប់បែក​លើ​រោងចក្រ​របស់ខ្លួន

មហាសេដ្ឋីលេខមួយនៅ អ៊ុយក្រែន លោក Rinat Akhmetov

Rinat Akhmetov ចង់​ដាក់ពាក្យ​ប្ដឹង​ប្រឆាំង រុស្ស៊ី ព្រោះតែ​បាន​ទម្លាក់​គ្រាប់បែក​លើ​រោងចក្រ​ផលិត​ដែកថែប​របស់លោក​នៅ Mariupol បង្ក​ការខាតបង់​ពី ១៧ ដល់ ២០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

«យើង​ប្រាកដជា​ប្ដឹង​ប្រឆាំង រុស្ស៊ី និង​ទាមទារ​សំណង​ឱ្យបាន​សមស្រប ដោយសារ​រង​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​សកម្មភាព​ជំនួញ» មហាសេដ្ឋី Akhmetov បាន​ប្រាប់​ទំព័រ mrpl.city ដូច្នេះ។

មហាសេដ្ឋី​អ៊ុយ​ក្រែ​ន វ័យ ៥៥ ឆ្នាំ​ខាងលើ មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ជាច្រើន​តាមរយៈ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​និង​ឧស្សាហកម្ម SCM។ ភាគហ៊ុន​ធំជាងគេ​របស់លោក Akhmetov គឺ​ស្ថិតនៅក្នុង​ក្រុមហ៊ុន​ផលិត​ដែកថែប​លំដាប់​កំពូល​របស់ អ៊ុយ​ក្រែ​ន គឺ Metinvest Group។

រោងចក្រដែកថែប Azovstal បានរងការខូចខាតធ្ងន់ធ្ងរដោយសារការទម្លាក់គ្រាប់បែករបស់ កងទ័ពរុស្ស៊ី

រោងចក្រ​ដែកថែប Azovstal បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ​ដោយសារ​ការទម្លាក់​គ្រាប់បែក​របស់ កងទ័ព​រុស្ស៊ី នៅពេល​តំបន់​រោងចក្រ​នេះ​ក្លាយជា​លេណដ្ឋាន​ចុងក្រោយ​របស់ ទាហាន​អ៊ុយ​ក្រែ​ន នៅ Mariupol។ រោងចក្រ​ជាច្រើន​ផ្សេងទៀត​ក៏បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ។

មហាសេដ្ឋី Akhmetov បញ្ជាក់ថា «ការចំណាយ​ទៅលើ​ការជួសជុល​ព្រោះតែ​សកម្មភាព​របស់ រុស្ស៊ី គឺ​ប្រមាណ​ពី ១៧ ទៅ ២០ ពាន់​លាន​ដុល្លារ​អាម៉េរិក។ តួលេខ​ចុងក្រោយ​នឹងត្រូវ​បានលើកឡើង​នៅក្នុង​ពាក្យបណ្ដឹង​ប្រឆាំង រុស្ស៊ី»។

Advertisement