ការនាំចេញ​ប្រេង​របស់ រុស្ស៊ី ទៅកាន់ ឥណ្ឌា កើនឡើង​ខ្ពស់ជាង​មុន ២៥ ដង

បរិមាណ​ប្រេង​ដែល​នាំ​ចេញពី រុស្ស៊ី ទៅកាន់ ឥណ្ឌា កើន ២៥ ដង ធៀប​នឹង​មធ្យមភាគ ៩៦០,០០០ ធុង/ខែ កាលពី​ឆ្នាំ​កន្លង ដែល​នេះ​បាន​កើន​ដល់ ២៤ លាន​ធុង​ក្នុង​ខែឧសភា ២០២២។

សារព័ត៌មាន Reuters កាលពី​ថ្ងៃទី ៣០ ឧសភា បានឱ្យដឹងថា ឥណ្ឌា បាន​នាំចូល​ប្រេង​តម្លៃ​ទាប ៣៤ លាន​ធុង​ពី រុស្ស៊ី រាប់​ចាប់ពី​ខែកុម្ភៈ ជា​ពេលដែល រុស្ស៊ី បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។ តួលេខ​នេះ​ខ្ពស់ជាង ១០ ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លង។

ក្នុង​ខែឧសភា ប្រេង​ឆៅ​ជាង ២៤ លាន​ធុង​របស់ រុស្ស៊ី ត្រូវបាន​ផ្គត់ផ្គង់​ឱ្យ ឥណ្ឌា កើនឡើង​ច្រើន​ធៀប​នឹង ៧.២ លាន​ធុង​ក្នុង​ខែមេសា និង​ប្រហែល ៣ លាន​ធុង​កាលពី​ខែមីនា ឆ្នាំនេះ។ ទិន្នន័យ​ដែល Reuters ទទួលបាន បង្ហាញថា ក្នុង​ខែមិថុនា ឥណ្ឌា នឹង​នាំចូល​ប្រេង​ប្រហែល ២៨ លាន​ធុង។

កាលពី​ឆ្នាំ​កន្លង ការនាំចេញ​ប្រេង​ឆៅ​របស់ រុស្ស៊ី ទៅកាន់ ឥណ្ឌា ជា​មធ្យម​ត្រឹមតែ ៩៦០,០០០ ធុង/ខែ ទាប​ជាង​ជិត ២៥ ដង ធៀប​នឹង​ខែឧសភា​នេះ។

ការ​នាំចូល​ប្រេង​កើនឡើង​ខ្ពស់ បាន​ជួយ​ឱ្យ​ខ្ទង់​ប្រាក់​នាំចូល​ទំនិញ​សរុប​របស់ ឥណ្ឌា ពី រុស្ស៊ី រាប់​ចាប់ពី​ថ្ងៃទី ២៤ កុម្ភៈ ដល់ ២៦ ឧសភា ឡើងដល់ ៦.៤ ពាន់​លាន​ដុល្លារ ច្រើនជាង​ឆ្ងាយ​ធៀប​នឹង ១.៩៩ ពាន់​លាន​ដុល្លារ​ក្នុងដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លង។ ក៏ប៉ុន្តែ ការនាំចេញ​របស់ ឥណ្ឌា ទៅកាន់ រុស្ស៊ី បាន​ថយចុះ​ជិត ៥០% មក​នៅត្រឹម ៣៧៧.០៧ លាន​ដុល្លារ ក្នុងអំឡុងពេល​ដូចខាងលើ ដោយសារតែ ទីក្រុង​ញូវដែលី មិនទាន់​បង្កើត​យន្តកា​រទូ​ទាត់​ប្រាក់​ជា​ផ្លូវការ​ជាមួយ ទីក្រុង​មូ​ស្គូ។

ការដាក់ទណ្ឌកម្ម​រប​ស់​បស្ចិម​លោក ទៅលើ រុស្ស៊ី បាន​ជួយ​ឱ្យ​បណ្ដា​ប្រទេស​ដូចជា ចិន និង ឥណ្ឌា ជាដើម មានឱកាស​ទិញ​ប្រេង​របស់ រុស្ស៊ី ក្នុងតម្លៃ​ទាប។ យ៉ាងនេះ​ក្ដី កន្លងមក ឥណ្ឌា ក៏ត្រូវ​បាន​ប្រទេស​លោកខាងលិច​រិះគន់​មិនតិច​នោះដែរ ទាក់ទិន​នឹង​ការទិញ​ប្រេង​ពី រុស្ស៊ី ខណៈដែល ទីក្រុង​មូ​ស្គូ កំពុង​ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន៕

Advertisement