Elon Musk គំរាម​លុបចោល​គម្រោង​ទិញដូរ Twitter ដែលមាន​តម្លៃ​ជាង ៤០ ពាន់​លាន​ដុល្លារ

មហាសេដ្ឋី​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk កំពុង​បង្ហាញ​នូវ​ការខកចិត្ត​របស់ខ្លួន​ក្នុង​គម្រោង​ទិញដូរ​បណ្ដាញ​សង្គម Twitter នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន New York Times។

សារព័ត៌មាន​ខាងលើ​ឱ្យដឹងថា តំណាង​មេធាវី​របស់​មហាសេដ្ឋី​លេខ ១ ក្នុង​ពិភពលោក​ឱ្យដឹងថា បណ្ដាញ​សង្គម​នេះ​កំពុងតែ «ប្រឆាំង និង​ទប់ស្កាត់​យ៉ាងសកម្ម» ទៅនឹង​សិទ្ធិ​របស់លោក Musk ក្នុង​ដំណើរការ​នៃ​ការសម្រេច​លើ​កិច្ចព្រមព្រៀង​តម្លៃ ៤៤ ពាន់​លាន​ដុល្លារ​នេះ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Twitter ក៏ «បដិសេធ​សំណើ​របស់លោក Musk ទាក់ទង​នឹង​ទិន្នន័យ» និង​មិនបាន​បង្ហើប​ឱ្យដឹង​លម្អិត​អំពី​តួលេខ​ពិត​នៃ​គណនី​ក្លែងក្លាយ​នៅលើ​បណ្ដាញ​សង្គម​នេះ។ យោងតាម​មេធាវី ប្រការ​ទាំងនេះ​គឺ​គ្រប់គ្រាន់​ដើម្បីឱ្យ​លោក Musk អាច​លុបចោល​គម្រោង​ទិញដូរ​នេះ​ជា​ឯកតោភាគី​បាន។

«លោក Musk មាន​សិទ្ធិ​ស្នើ ហើយ Twitter មាន​តួនាទី​ត្រូវ​ផ្ដល់​ទិន្នន័យ​តាម​សំណើ​នេះ» តំណាង​មេធាវី​របស់លោក Musk បញ្ជាក់​ដូច្នេះ។

ឯកសារ​ស្ដីពី​ព័ត៌មាន​ខាងលើ​ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់ គណៈកម្មការ​មូល​ប​ត្រ​អាម៉េរិក ដែល​នេះ​គឺជា​ការ​គំរាម​លុបចោល​គម្រោង​ទិញដូរ Twitter ជា​ទម្រង់​ឯកសារ​ដំបូង​របស់លោក Musk ជំនួស​ការ​បង្ហោះ​សា​រលើ​បណ្ដាញ​សង្គម​ដូចមុន។

ប្រតិកម្ម​ទៅនឹង​សកម្មភាព​ខាងលើ​របស់លោក Elon Musk តំណាង​របស់​ក្រុមហ៊ុន Twitter បានឱ្យដឹងថា គម្រោង​ទិញដូរ​បណ្ដាញ​សង្គម​នេះ​នៅតែ​ប្រព្រឹត្ត​ទៅតាម​ធម្មតា។

ចំណែក​ក្រុមអ្នកវិភាគ​វិញ អះអាងថា នេះ​គឺជា​ការប្រឹងប្រែង​មួយ​របស់លោក Musk ដើម្បី​បង្ខំ​ឱ្យ​តម្លៃ​ភាគហ៊ុន Twitter ចុះថោក។ ជាក់ស្ដែង ភាគហ៊ុន​នេះ​បាន​ថយចុះ ១.៥% និង​បញ្ចប់​ការជួញដូរ​ត្រឹម ៣៩.៥៦ ដុល្លារ/ហ៊ុន នៅក្នុង​ថ្ងៃ​ជួញដូរ​កន្លង ទាប​ជាង​ឆ្ងាយ​ធៀប​នឹង​ការកំណត់​តម្លៃ ៥៤.២០ ដុល្លារ/ហ៊ុន ដែល​លោក Musk បាន​ដាក់ចេញ​ដើម្បី​ទិញ Twitter។

កាលពី​ខែឧសភា លោក Musk ក៏​ធ្លាប់​បានប្រកាស​នៅលើ​បណ្ដាញ​សង្គម​ថា លោក​កំពុង​ផ្អាក​ការទិញ Twitter ព្រោះតែ​តួលេខ​នៃ​គណនី​ក្លែងក្លាយ​នៅលើ​បណ្ដាញ​សង្គម​នេះ​មាន​មិន​ដល់ ៥%។ លោក Musk យល់ថា ការពិត តួលេខ​នេះ​យ៉ាងហោចណាស់​ក៏ ២០% ដែរ។

យ៉ាងនេះ​ក្ដី យោងតាម CNBC បើសិនជា​លុបចោល​គម្រោង​ទិញ Twitter លោក Musk អាច​នឹងត្រូវ​ប្រឈម​នឹង​បញ្ហា​ច្រើន​ទាក់ទង​នឹង​ផ្លូវច្បាប់ ហើយ​លោក​ក៏​អាច​បាត់បង់​ប្រាប់​រាប់ពាន់​លាន​ដុល្លារ៕

Advertisement