អាម៉េរិក ទទួលស្គាល់ថា រុស្ស៊ី រក​ផលចំណេញ​បាន​ច្រើនជាង​ពេល​មិនទាន់​រង​ទណ្ឌកម្ម

ទីប្រឹក្សា​ជាន់ខ្ពស់​របស់ សហរដ្ឋ​អាម៉េរិក ស្ដីពី​សន្តិសុខ​ថាមពល​សកល បានឱ្យដឹងថា ប្រទេស​រុស្ស៊ី កំពុង​ទទួលបាន​ផលចំណេញ​ច្រើន​ពី​តម្លៃ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ដែល​កំពុង​ឡើងថ្លៃ​ខ្ពស់។

Amos Hochstein បេសកជន​ពិសេស​របស់ ក្រសួងការបរទេស​អា​ម៉េ​រិ​ក ទទួលបន្ទុក​សន្តិសុខ​ថាមពល កាលពី​ថ្ងៃទី ៩ មិថុនា និយាយថា រុស្ស៊ី បច្ចុប្បន្ន​រកបាន​ប្រាក់​ច្រើនជាង​ពី​ការលក់​ឥន្ធនៈ​ហ្វូ​ស៊ី​ល ធៀប​នឹង​ដំណាក់កាល​មុនពេល​កងទ័ព​ប្រទេស​នេះ​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។

មន្ត្រី​អាម៉េរិក ទទួលស្គាល់ថា តម្លៃ​ផលិតផល​ថាមពល​ពិភពលោក​បាន​ឡើង​ខ្ពស់ ហើយ​វា​ក៏​ត្រូវបាន​រុញច្រាន​បន្ថែមទៀត​ដោយ​ទណ្ឌកម្ម​របស់​បស្ចិម​លោក ដែល​ដាក់​ទៅលើ រុស្ស៊ី ប្រការនេះ​បាន​ជួយ​ឱ្យ ទីក្រុង​មូ​ស្គូ កាត់បន្ថយ​បាន​នូវ​ផលប៉ះពាល់​មួយ​ភាគ​ធំ​ដែល​កើតឡើង​ដោយសារ​ការ​រឹតត្បិត​ពី​លោកខាងលិច។

នៅពេល​ត្រូវបាន​សួរថា រុស្ស៊ី កំពុង​រកបាន​ផលចំណេញ​បាន​ច្រើន​ពី​ប្រេង និង​ឧស្ម័ន ធៀប​នឹង​ប៉ុន្មាន​ខែ​មុន​មែន ឬទេ លោក Hochstein ឆ្លើយថា «ខ្ញុំ​មិនអាច​បដិសេធ​ប្រការនេះ​បានឡើយ»។

កាលពី​ពាក់កណ្ដាល​ខែឧសភា Bloomberg បាន​ផ្សាយ​ថា ប្រាក់ចំណូល​ពី​ការលក់​ប្រេង​របស់ រុស្ស៊ី កើនឡើង​ខ្ពស់ បើទោះជា​ត្រូវ​រង​សម្ពាធ​ពី​ទណ្ឌកម្ម ដោយ​កើន​ប្រហែល ៥០% រាប់​ចាប់ពី​ដើមឆ្នាំ ២០២២។

យោងតាម Reuters ការនាំចេញ​ប្រេង​របស់ រុស្ស៊ី ទៅកាន់ ឥណ្ឌា បាន​កើនឡើង​យ៉ាងគំហុក​ក្នុង​ខែឧសភា។ ចំណែក​វិធានការ​ដាក់ទណ្ឌកម្មរ​បស់​លោកខាងលិច ទៅលើ រុស្ស៊ី ទំនងជា​មិនមាន​ប្រសិទ្ធភាព។ ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន កាលពីពេលថ្មីៗនេះ​ក៏បាន​និយាយថា ទណ្ឌកម្ម​របស់​បស្ចិម​លោក​គឺ​ស្មើនឹង​ពាក់​ថា «កាំបិត​ចិត​ដង​ឯង»។

កាលពី​ចុង​សប្ដាហ៍​កន្លង សមាគម​រថយន្ត​អាម៉េរិក (AAA) បានប្រកាសថា តម្លៃ​ប្រេង​នៅ សហរដ្ឋ​អាម៉េរិក បាន​កើនឡើង​ទ្វេដង​នៅក្នុង​សម័យ​ប្រធានាធិបតី បៃ​ដិ​ន និង​ឡើងដល់​ចំណុច​ខ្ពស់​ជាងគេ​បង្អស់​ធៀប​នឹង​គ្រប់​សម័យកាល ដោយ​ឡើងដល់ ៤.៨១ ដុល្លារ/gallon កាលពី​ថ្ងៃទី ៣ មិថុនា៕

Advertisement