វិស័យ​ថាមពល​របស់ រុស្ស៊ី រកបាន ៩៨ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ១០០ ថ្ងៃ​នៃ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

ក្នុងអំឡុង ១០០ ថ្ងៃ​នៃ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន រុស្ស៊ី រកប្រាក់​ចំណូល​បាន ៩៨ ពាន់​លាន​ដុល្លារ​អាម៉េរិក ពី​ការនាំចេញ​ឥន្ធនៈ​ហ្វូ​ស៊ី​ល ក្នុងនោះ​ភាគច្រើន​បានមកពី​បណ្ដា​ប្រទេស​នៅក្នុង សហភាព​អឺរ៉ុប (EU)។

របាយការណ៍​ដែល​ត្រូវបាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថាមពល និង​ខ្យល់​បរិសុទ្ធ (CREA) ដែលមាន​មូលដ្ឋាន​នៅ ហ្វាំ​ង​ឡង់ ប្រកាស​នា​ថ្ងៃនេះ​ឱ្យដឹងថា EU នាំចូល​ឥន្ធនៈ​ហ្វូ​ស៊ី​ល ពី រុស្ស៊ី រហូតដល់ ៦២% ប្រហែល​នឹង ៥៧ ពាន់​លាន​អឺរ៉ូ ឬ ៦០ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងអំឡុង ១០០ ថ្ងៃ​ដំបូង​នៃ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

ក្រុម​អ្នក​នាំចូល​ឥន្ធនៈ​ហ្វូ​ស៊ី​លពី រុស្ស៊ី កំពូលៗ រួមមាន ចិន (១៣.២ ពាន់​លាន​ដុល្លារ), អាល្លឺម៉ង់ (១២.៦ ពាន់​លាន​ដុល្លារ) និង អ៊ីតាលី (៨.១ ពាន់​លាន​ដុល្លារ)។

ប្រភព​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ធំ​បំផុត​របស់ រុស្ស៊ី គឺ ប្រេង​ឆៅ

ប្រភព​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ធំ​បំផុត​របស់ រុស្ស៊ី គឺ ប្រេង​ឆៅ ដោយ​វារ​កបាន​ចំណូល​ជាង ៤៨ ពាន់​លាន​ដុល្លារ​អាម៉េរិក បន្ទាប់មក​គឺ​ឧស្ម័ន​ធម្មជាតិ បណ្ដា​ផលិតផល​ធ្វើ​ពី​ប្រេង ឧស្ម័ន​ធម្មជាតិ​រាវ (LNG) និង​រ៉ែ​ធ្យូងថ្ម។

សូម្បីតែ​នៅពេល​ការនាំចេញ​ក្នុង​វិស័យ​ថាមពល​របស់ មូ​ស្គូ ត្រូវ​ថយចុះ​ខ្លាំង​ក្នុង​ខែឧសភា ដោយសារតែ​ប្រទេស​ជាច្រើន​បាន​បែរខ្នង​ដាក់​ផលិតផល​របស់ រុស្ស៊ី ដើម្បី​ប្រឆាំងនឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ការដែល​តម្លៃ​ឥន្ធនៈ​សកល​ឡើងថ្លៃ​ខ្ពស់​បាន​នាំមក​នូវ​ប្រាក់ចំណេញ​ខ្ពស់​សម្រាប់ វិមាន​ក្រឹម​ឡាំង។ យោងតាម CREA តម្លៃ​នាំចេញ​ក្នុង​វិស័យ​ថាមពល​ជា​មធ្យម​របស់ រុស្ស៊ី ខ្ពស់ជាង​ឆ្នាំមុន​ប្រហែល ៦០%។

ប្រទេសមួយ​ចំនួន​ដែល​បាន​បង្កើន​ការទិញ​ប្រេង​ពី រុស្ស៊ី ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ រួមមាន​ដូចជា ប្រទេស​ចិន, ឥណ្ឌា, អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) និង ប្រទេស​បារាំង៕

Advertisement