៧ ប្រទេស​នាំចេញ​បង្កង​ច្រើនជាងគេ​ក្នុង​ពិភពលោក​ក្នុង​ឆ្នាំ​កន្លង ក្នុងនោះ​មាន ៣ ប្រទេស​នៅ អាស៊ីអាគ្នេយ៍

ប្រទេស​ឥណ្ឌា, អេក្វាទ័រ, ចិន, អា​ហ្ស​ង់​ទីន, ឥណ្ឌូណេស៊ី, ថៃ និង វៀតណាម បាន​នាំចេញ​បង្កង​សរុប ២.៥៧ លាន​តោន​ក្នុង​ឆ្នាំ ២០២១ ដោយសារ​តម្រូវការ​ទីផ្សារ និង​តម្លៃ​បាន​ងើប​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ-១៩។

ការនាំចេញ​បង្កង​ក្នុង​ឆ្នាំ ២០២១ របស់​បណ្ដា​ប្រទេស​ខាងលើ (លើកលែងតែ អា​ហ្ស​ង់​ទីន) ដែល​សុទ្ធសឹងតែ​ជា​កំពូល​អ្នក​ចិញ្ចឹម​បង្កង បាន​កើន​ដល់ ២.៥៧ លាន​តោន ខ្ពស់ជាង ១៥% ធៀប​នឹង ២.២៤ លាន​តោន​កាលពី​ឆ្នាំ ២០២០ នេះ​បើតាម​ស្ថិតិ​របស់ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក។ ប្រាក់ចំណូល​ដែល​បាន​ពី​ការនាំចេញ​នេះ​បាន​កើន​ឡើងដល់ ២០.៧៩ ពាន់​លាន​ដុល្លារ ខ្ពស់ជាង ២៣% ធៀប​នឹង ១៦.៩៧ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០២០។

ការកើនឡើង​ខាងលើ​គឺ​ដោយសារ​កា​រងើក​ឡើងវិញ​នៃ​តម្រូវការ​នៅ តំបន់​អាម៉េរិក​ខាងជើង និង អឺរ៉ុប នៅពេល​រដ្ឋាភិបាល​នានា​ចាប់ផ្ដើម​ដកហូត ឬ​កាត់បន្ថយ​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩។

ទោះជា​យ៉ាងណាក៏ដោយ ក្នុង​ឆ្នាំ ២០២២ វិស័យ​នាំចេញ​បង្កង​កំពុង​ជួប​ឧបសគ្គ ព្រោះតែ​សម្ពាធ​ពី​បញ្ហា​អតិផរណា​បង្ខំ​ឱ្យ​ប្រជាជន​ចាយវាយ​ក្បិតក្បៀត​ជាង​មុន។

កំណើន​ខ្ពស់​នៃ​ការនាំចេញ​បង្កង​របស់​ពិភពលោក​ក្នុង​ឆ្នាំ ២០២១ គឺ​ដោយសារ អេក្វាទ័រ និង ឥណ្ឌា ដែលជា​អ្នក​នាំចេញ​បង្កង​ច្រើនជាងគេ។ ឆ្នាំ ២០២១ អេក្វាទ័រ នាំចេញ​បង្កង​បាន​ប្រមាណ ៨១៦,០០០ តោន កើន ២៤% និង​រកបាន​ចំណូល​ជាង ៥.១៥ ពាន់​លាន​ដុល្លារ​អាម៉េរិក កើន ៤១% ធៀប​នឹង​ឆ្នាំ ២០២០។

ឥណ្ឌា គឺជា​អ្នក​នាំចេញ​បង្កង​ច្រើនជាងគេ​លំដាប់​ទី​ពីរ។ ឆ្នាំ ២០២១ ប្រទេស​នេះ​បាន​នាំចេញ​បង្កង​ប្រមាណ ៧៣៤,០០០ តោន កើន ២៨% និង​រកបាន​ប្រាក់ចំណូល ៥.៧៣ ពាន់​លាន​ដុល្លារ កើន ៣៤% ធៀប​នឹង​ឆ្នាំ ២០២០។

ឥណ្ឌូណេស៊ី នាំចេញ​បង្កង​បាន ២៤១,០០០ តោន កើន ៥% ធៀប​នឹង​ឆ្នាំ ២០២០ ខណៈដែល​កំណើន​នៃ​ការនាំចេញ​បង្កង​របស់ ថៃ និង វៀតណាម ត្រូវ​រង​ផលប៉ះពាល់​ច្រើន​ក្នុង​ឆ្នាំ ២០២១ ដោយសារតែ​កូ​វីដ-១៩៕

Advertisement