Amazon ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក ប្រគល់​ទំនិញ​ដោយ​មិន​គិតថ្លៃ​សេវា​ដឹកជញ្ជូន

មុខទំនិញ​ដែល​ត្រូវបាន​ក្រុមហ៊ុន Amazon ដឹកជញ្ជូន​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក រួមមាន ផលិតផល​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ ផលិតផល​ថែទាំ​សម្រស់ សម្ភារ​ការិយាល័យ និង​ឧបករណ៍​បច្ចេកវិទ្យា។

សេវាកម្ម​ខាងលើ​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ១៣ មិថុនា​នេះ នឹងត្រូវ​អនុវត្ត​ចាប់ពី​ចុងឆ្នាំ ២០២២ នៅក្នុង​បណ្ដា​ទីក្រុង​របស់​រដ្ឋ California សហរដ្ឋ​អាម៉េរិក។

យោងតាម​ក្រុមហ៊ុន Amazon អតិថិជន​នៅក្នុង​ទីរួមស្រុក Lockeford ភាគ​ខាងជើង​រដ្ឋ California អាច​ចុះឈ្មោះ​ស្នើសុំ​ការដឹកជញ្ជូន​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក «Prime Air» ដោយ​មិន​គិតថ្លៃ។ ទំនិញ​ដែល​ត្រូវ​តាម​លក្ខខណ្ឌ​នឹងត្រូវ​បាន​ដឹក​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ទៅកាន់​អាសយដ្ឋាន​ប្រគល់​ទំនិញ និង​ហោះ​សំកាំង​ខ្លួន​នៅលើ​កម្ពស់​សុវត្ថិភាព ដើម្បីឱ្យ​អតិថិជន​ចុះហត្ថលេខា​ទទួល។

យន្តហោះ​គ្មាន​មនុស្ស​បើក Prime Air អាច​ផ្ទុកទំនិញ​ទម្ងន់​រហូតដល់ ៥ ផោន (ប្រហែល ២.២ គីឡូក្រាម) និង​មាន​ទំហំ​ប្រហែល​នឹង​ប្រអប់​ដាក់​ស្បែកជើង​ខ្នាត​ធំ។ មុខទំនិញ​ដែល​នឹង​ត្រូវបាន​ដឹកជញ្ជូន​ដោយ Prime Air រួមមាន ផលិតផល​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ ផលិតផល​ថែរក្សា​សម្រស់ សម្ភារ​ការិយាល័យ និង​ឧបករណ៍​បច្ចេកវិទ្យា នេះ​បើតាម​អ្នកនាំពាក្យ​របស់ Amazon។

នៅ សហរដ្ឋ​អាម៉េរិក គូប្រជែង​មួយ​របស់ Amazon គឺ Walmart ក៏​កំពុងផ្ដល់​សេវាកម្ម​បែបនេះ។ Walmart មាន​គម្រោង​ពង្រីក​សេវាកម្ម​នេះ​នៅក្នុង ៦ រដ្ឋ​របស់ សហរដ្ឋ​អាម៉េរិក នៅ​ចុងឆ្នាំ ២០២២៕

Advertisement