តម្លៃ​ប្រេង​ពិភពលោក ធ្លាក់ចុះ​ទាប​បំផុត​ក្នុងអំឡុង ២ ខែ​ចុង​ក្រោយនេះ

ប្រេង​ឆៅ​របស់ សហរដ្ឋ​អាម៉េរិក WTI ធ្លាក់​ថ្លៃ​ជិត ១០% មក​នៅត្រឹម​ក្រោម ១០០ ដុល្លារ ក្នុង ១ ធុង ជា​លើកដំបូង រាប់​ចាប់ពី​ដើមខែ​ឧសភា ២០២២។

បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ៥ កក្កដា តម្លៃ​ប្រេង WTI ដាំ​ក្បាល​ចុះ ៨% មក​នៅត្រឹម ៩៩.៥ ដុល្លារ/ធុង។ ក្នុងការ​ជួញដូរ​នា​ថ្ងៃទី ៥ កក្កដា មានពេលខ្លះ​ប្រេង​នេះ បាន​ធ្លាក់​ថ្លៃ​ជិត ១០% នៅត្រឹម ៩៧.៤៣ ដុល្លារ/ធុង។ ចំណែក​ប្រេង Brent វិញ ក៏​បាត់បង់​តម្លៃ​ជាង ១០% មក​នៅត្រឹម ១០១.១ ដុល្លារ/ធុង ប៉ុន្តែ ក្រោយមក​ក៏បាន​ងើបឡើង​វិញ និង​បញ្ចប់​ការជួញដូរ​ត្រឹម ១០២.៧ ដុល្លារ/ធុង។

នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ប្រេង WTI ធ្លាក់​ថ្លៃ​មក​នៅក្រោម ១០០ ដុល្លារ រាប់​ចាប់តាំងពី​ថ្ងៃទី ១១ ខែឧសភា។ ការព្រួយបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​គឺជា​មូលហេតុ​សំខាន់​ដែល​បណ្ដាលឱ្យ​ប្រេង​ឆៅ​ត្រូវបាន​គេ​លក់​ចោល​កាលពី​ម្សិលមិញ នេះ​បើតាម Tom Kloza ប្រធាន​ផ្នែក​វិភាគ​ថាមពល​របស់​ក្រុមហ៊ុន OPIS។

កាលពី​ច្រើន​សប្ដាហ៍​កន្លងទៅ ការបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច ក៏បាន​ធ្វើឱ្យ​ប្រេង​ធ្លាក់​ថ្លៃ​ខ្លាំង។ កាលពី ១ ខែ​មុន ប្រេង Brent មានតម្លៃ ១២៣.៥ ដុល្លារ/ធុង ខណៈដែល​ប្រេង WTI មានតម្លៃ ១២២ ដុល្លារ។

តម្លៃ​ប្រេងសាំង​ពិភពលោក​បាន​កើន​ឡើងជា​បន្តបន្ទាប់ នៅពេល បស្ចិម​លោក ដាក់ទណ្ឌកម្ម​លើ​វិស័យ​ថាមពល​របស់ រុស្ស៊ី ដោយសារ​ប្រទេស​នេះ​បាន​ចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។ ក៏ប៉ុន្តែ បើសិនជា​វិបត្តិ​សេដ្ឋកិច្ច​សកល​កើតឡើង តម្រូវការ​ប្រើប្រាស់​ប្រេង​នឹង​ថយចុះ ធ្វើឱ្យ​តម្លៃ​ប្រេង​ត្រូវ​ធ្លាក់​ថ្លៃ។ នៅពេល​ប្រជាជន​បាត់បង់​ការងារ សកម្មភាព​ធ្វើដំណើរ​ទៅធ្វើ​ការ ទៅ​ទិញដូរ និង​ដើរ​ទេសចរណ៍​ជាដើម ក៏​នឹង​ថយចុះ​ជាក់​ជាមិនខាន ហើយ​ពេលនោះ តម្លៃ​ប្រេង​ក៏​នឹង​កាន់តែ​ចុះ​ទាប៕

Advertisement