អេ​មី​រ៉ា​ត​អារ៉ាប់​រួម គឺជា​ទីផ្សារ​​ធំ​​លំដាប់​​ទី​ ២៦ ​សម្រាប់​​ការ​នាំ​ចេញ​​ទំនិញ​​របស់​ កម្ពុជា

ឯកឧត្តម Thani bin Ahmed Al Zeyoudi អនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម និង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា

ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម គឺជា​ទីផ្សារ​ធំ​មួយ​ដែល​ឈរ​ក្នុង​លំដាប់​ទី ២៦ សម្រាប់​ការនាំចេញ​ទំនិញ​របស់ កម្ពុជា ក្នុងនោះ កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅក្នុង​ឆ្នាំ ២០២១ កើន ៥៣% ធៀប​នឹង​ឆ្នាំ ២០២០។

កាលពី​រសៀល​ថ្ងៃទី ៤ កក្កដា ២០២២ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ជួបពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ ជាមួយ ឯកឧត្តម Thani bin Ahmed Al Zeyoudi អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​ក្រសួង​សេដ្ឋកិច្ច​អេ​មី​រ៉ា​ត​អារ៉ាប់​រួម។

កិច្ច​ជំនួប​ពិភាក្សា​ការងារ​ខាងលើ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ និង​ពង្រីក​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ ដើម្បី​ជំរុញឱ្យមាន​លំហូរ​វិនិយោគ និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម។

ក្នុងជំនួប​នោះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែងអំណរគុណ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ រដ្ឋាភិបាល​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ទាក់ទង​នឹង​ការរៀបចំ​ពិព័រណ៍​ពិភពលោក ២០២០ ឌូ​បៃ ដែល កម្ពុជា បាន​ចូលរួម និង​ទទួលបាន​ពានរង្វាន់​ប្រាក់​ពិភពលោក លើ​ការ​រចនា​ពន្លា​ជាតិ​ល្អ​ជាងគេ និង​អរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​នាពេល​កន្លង។

អេ​មី​រ៉ា​ត​អារ៉ាប់​រួម គឺជា​ទីផ្សារ​ធំ​មួយ ដែល​ឈរ​ក្នុង​លំដាប់​ទី ២៦ សម្រាប់​ការនាំចេញ​ទំនិញ របស់ កម្ពុជា នេះ​បើតាម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ។ យោងតាម​ទិន្នន័យ​ពាណិជ្ជកម្ម​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា និង អា​មី​រ៉ា​ត​អារ៉ាប់​រួម សម្រេចបាន​ប្រមាណ ១៥០ លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ឆ្នាំ ២០២១ កើន ៥៣% ធៀប​នឹង​ឆ្នាំ ២០២០។ ក្នុងនោះ មុខទំនិញ​ដែល កម្ពុជា បាន​នាំចេញ​ទៅកាន់ អេ​មី​រ៉ា​ត​អារ៉ាប់​រួម មានដូចជា វាយ​ន​ភណ្ឌ ស្បែកជើង ផលិតផល​ធ្វើដំណើរ កង់ អង្ករ។ល។ ចំណែក​ទំនិញ​ដែល កម្ពុជា បាន​នាំចូល​ពី អេ​មី​រ៉ា​ត​អារ៉ាប់​រួម វិញ មានដូចជា ផលិតផល​ប្រេង ចំណី​សត្វ ជី រ៉ែ ថ្នាំជក់ និង​ផលិតផល​ធ្វើ​ពី​សេ​រ៉ា​មិ​ក ជាដើម។

ឯកឧត្តម​បណ្ឌិត Thani bin បាន​វាយតម្លៃ​ខ្ពស់​លើ​សក្ដានុពល​កំណើនសេដ្ឋកិច្ច​របស់ កម្ពុជា នាពេល​អនាគត ហើយ​បានបង្ហាញ​គោលបំណង​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត៕

Advertisement