រថយន្ត​អគ្គិសនី​តាក់ស៊ី​បើកបរ​ដោយ​​ស្វ័យប្រវត្ត មិនមាន​ចង្កូត នឹង​បង្ហាញខ្លួន​ក្នុង​ទីផ្សារ​នៅ​ឆ្នាំក្រោយ

(ប្រទេស​ចិន)-ក្រុមហ៊ុន​បច្ចេកវិទ្យា Baidu បង្ហើប​ឱ្យដឹង​អំពី​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​បើកបរ​ស្វ័យប្រវត្ត បំពាក់​កាមេរ៉ា ១២ គ្រាប់, ឧបករណ៍​ស្កេ​ត​ដោយ​ឡាស៊ែរ (lidar) ៨ គ្រាប់ និង​ច​ង្កូ​ច​ដែល​អាច​ដោះ​ចោល​បាន។

Apollo RT6 នឹង​ក្លាយជា​រថយន្ត​អគ្គិសនី​បើកបរ​ស្វ័យប្រវត្ត​ដែលមាន​ច​ង្កូ​ច​អាច​ដោះ​ចោល​បាន​ដំបូង​របស់​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ចិន Baidu។ រថយន្ត​ម៉ូ​ដែល Apollo RT6 នេះ ត្រូវបាន Baidu បង្ហាញ​នៅក្នុង​វេទិកា Baidu World 2022 នៅ ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី ២១ កក្កដា។

ក្រុម​ហ៊ុន​ Baidu ឱ្យដឹងថា Apollo RT6 ជួយ​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការផលិត​បាន​ជិត​ពាក់កណ្ដាល ដោយ​នៅត្រឹមតែ ៣៧,០០០ ដុល្លារ​អាម៉េរិក ធៀប​នឹង​ការចំណាយ ៧១,០០០ ដុល្លារ នៃ​ការផលិត​របស់​រថយន្ត​ជំនាន់​មុន។

រចនា​រូបរាង​ដែល​មិនមាន​ក​ង្កូ​ត ក៏​ជួយ​បង្កើន​កន្លែង​ទំនេរ​សម្រាប់​អ្នកដំណើរ។ Apollo RT6 បំពាក់​កាមេរ៉ា​ចំនួន ១២ គ្រាប់ និង លីដា (lidar) (ឧបករណ៍​ស្កេ​ន​ដូច​ទៅនឹង​រ៉ា​ដា ប៉ុន្តែ​ប្រើ​ឡា​សែរ​ជំនួស​រលក​វិទ្យុ) ចំនួន ៨ គ្រាប់។

លោក Robin Li សហ​ស្ថាបនិក និង​ជា CEO របស់ Baidu បាន​និយាយថា «ដោយមាន​របកគំហើញធំៗក្នុង​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្ត យើង​បាន​កាត់បន្ថយ​ការចំណាយ​ប្រហាក់ប្រហែល​នឹង​យាន​ដើរ​ដោយ​ថាមពល​ថ្មី​ធម្មតា​មួយគ្រឿង»។

នៅ​បច្ចុប្បន្ននេះ​ ចង្កូត​ដែល​អាច​ដោះ​ចោល​បាន​មិនទាន់មាន​ភាពស្របច្បាប់ និង​កំពុង​រង់ចាំ​ការយល់ព្រម​ពី​អាជ្ញាធរ​ចិន។

ក្រុមហ៊ុន Baidu ឱ្យដឹងថា ម៉ូ​ដែល​រថយន្ត​ថ្មី​នេះ​គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​នៅក្នុង​គម្រោង​សេវាកម្ម​រថយន្ត​តាក់ស៊ី Apollo Go របស់​ក្រុមហ៊ុន​នេះ​នៅ​ឆ្នាំក្រោយ។

Advertisement