គម្រោង​រោងចក្រ​ឧស្សាហកម្ម​ចំនួន ៣ ទៀត ត្រូវបាន​អនុម័ត​ឱ្យ​ដំណើរការ​នៅ ភ្នំពេញ និង កំពង់ស្ពឺ

កម្មការិនី​រោង​ចក្រ​កាត់​ដេរ​មួយ​កន្លែង​នៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ

គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ចំនួន ៣ បន្ថែមទៀត ដែល​នឹង​បើក​ដំណើរការ​នៅ ភ្នំពេញ និង ខេត្តកំពង់ស្ពឺ ជាមួយនឹង​ទុនវិនិយោគ ១៥.៧ លាន​ដុល្លារ​អាម៉េរិក និង​បង្កើត​ការងារ​ប្រមាណ ២,២៧៩ កន្លែង។

បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ដែល​ទើបតែ​ត្រូវ​បានផ្ដល់​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ទាំងនោះ រួមមាន ៖

១. JADE FASHION (CAMBODIA) GARMENTS COMPANY LIMITED គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​ក្នុង​​ទុន​វិនិយោគ​ប្រមាណ ៥.៣ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,០២៤ កន្លែង។

២. HONG YU FANG GARMENT CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រង់ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥.២ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,០២៩ កន្លែង។

៣. SHUN WEI FANG ZHI KE JI CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​អំបោះ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ខ្វាវ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥.២ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២២៦ កន្លែង។

Advertisement