ប្រេងឥន្ធនៈ​ពិភពលោក​ឡើងថ្លៃ បន្ទាប់ពី IEA ព្យាករ​ថា តម្រូវការ​នឹង​កើនឡើង

តម្លៃ​ប្រេង Brent ប្រគល់​មាន​កាលកំណត់ បាន​កើន ២.៣% ក្នុង ១ ធុង ខណៈដែល​ប្រេង​អាម៉េរិក WTI ប្រគល់​មាន​កាលកំណត់ ក៏​ឡើងថ្លៃ ២.៥% ក្នុង ១ ធុង។

តម្លៃ​ប្រេង​ពិភពលោក កើនឡើង ២ ដុល្លារ/ធុង នៅក្នុង​ការជួញដូរ​ថ្ងៃទី ១១ សីហា ក្រោយពី អង្គការ​ថាមពល​អន្ត​រ​ជាតិ (IEA) ដំឡើង​ការ​ព្យាករ​កំណើន​នៃ​តម្រូវការ​ប្រើប្រាស់​ក្នុងឆ្នាំនេះ ដោយសារតែ​តម្លៃ​ឧស្ម័ន​ធម្មជាតិ​កើនឡើង​ខ្ពស់ បណ្ដាលឱ្យ​ប្រទេស​ជាច្រើន ងាក​ទៅប្រើ​ប្រាស់​ប្រេង​រ៉ែ។

ប្រេង Brent ប្រគល់​មាន​កាលកំណត់ ឡើងថ្លៃ ២.២០ ដុល្លារ (២.៣%) ដោយ​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ៩៩.៦០ ដុល្លារ/ធុង។ ប្រេង​អាម៉េរិក (WTI) ប្រគល់​មាន​កាលកំណត់ ក៏​ឡើងថ្លៃ ២.៤១ ដុល្លារ/ធុង និង​លក់​ក្នុងតម្លៃ ៩៤.៣៤ ដុល្លារ/ធុង។

ក្នុង​របាយការណ៍​ប្រចាំខែ IEA ឱ្យដឹងថា «តម្លៃ​អគ្គិសនី និង​ឧស្ម័ន​ធម្មជាតិ​បាន​កើនឡើង​ដល់កំណត់​ត្រា​ថ្មី នាំឱ្យ​ប្រទេស​ជាច្រើន ប្ដូរ​ពី​ការប្រើប្រាស់​ឧស្ម័ន ទៅប្រើ​ប្រាស់​ប្រេង​រ៉ែ បណ្ដាលឱ្យមាន​ការរំពឹង​ថា តម្រូវការ​ប្រេង​ក្នុងឆ្នាំនេះ នឹង​កើន​បន្ថែម ៣៨០,០០០ ធុង/ថ្ងៃ។

ចំណែក​ការ​ព្យាករ​របស់ OPEC (អង្គការ​នៃ​ក្រុម​ប្រទេស​នាំចេញ​ប្រេង​រ៉ែ) វិញ បាន​ទម្លាក់​ការ​ព្យាករ​កំណើន​តម្រូវការ​ប្រេង​របស់​ពិភពលោក​ក្នុង​ឆ្នាំ ២០២២ ដោយ​លើកឡើងថា មកពី​ផលប៉ះពាល់​នៃ​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន, បញ្ហា​អតិផរណា​កើនឡើង​ខ្ពស់ និង​ការប្រឹងប្រែង​ទប់ស្កាត់​កូ​វីដ-១៩៕

Advertisement