គម្រោង​បង្កើត​រោងចក្រ​ឧស្សាហកម្ម​ថ្មី​ចំនួន ៤ ទៀត ទទួលបាន​ការអនុម័ត​ពី ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី ១៩ សីហា​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឱ្យដឹងថា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន​ថ្មី​ចំនួន ៤ ដែល​គ្រោង​នឹង​បង្កើត​រោងចក្រ​នៅ ភ្នំពេញ និង ខេត្ត​ព្រះសីហនុ។

ខាងក្រោម​នេះ​គឺជា​បណ្ដា​ក្រុមហ៊ុន​ដែល​ទើបតែ​ទទួលបាន​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ពី ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ៖

១-ក្រុមហ៊ុន R.G. FOOTWEAR (CAMBODIA) CO., LTD ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អណ្តូង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល គ្រោង​នឹង​វិនិយោគ​ប្រមាណ ៥.៦ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​ដល់​ពលរដ្ឋ​បាន​ចំនួន ១,៣២៨ កន្លែង។

២- ក្រុមហ៊ុន Xing Gang Wood Industry (Cambodia) Co., Ltd.។ គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​បង្គុំ និង​សម្ភារៈ​តុបតែង​លំអ​ធ្វើ​ពី​ឈើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជឺ, ខេត្ត​ព្រះសីហនុ, ក្នុង​ទុនវិនិយោគ​ចំនួន ៣.៩ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ២៥០ នាក់។

៣- ក្រុមហ៊ុន Zhejiang Jeni Furniture Co., Ltd. គម្រោង​បង្កើត​រោងចក្រ​ផលិត​សា​ឡុង និង​ស្រោម​សា​ឡុង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជឺ, ខេត្ត​ព្រះសីហនុ,ក្នុង​ទុនវិនិយោគ​ចំនួន ១ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៤០០ នាក់។

៤- ក្រុមហ៊ុន FF.LL (Cambodia) Co., Ltd.។ គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​វេច​ខ្ចប់​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ, ខេត្ត​ព្រះសីហនុ, ក្នុង​ទុនវិនិយោគ​ចំនួន ៦.៥ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៨៣០ នាក់។

គម្រោង​វិនិយោក​ដែលមាន​ទុន ១៧ លាន​ដុល្លារ​អាម៉េរិក របស់​ក្រុមហ៊ុន​ទាំង ៤ ខាងលើនេះ នឹង​បង្កើត​ការងារ​ថ្មី​បាន​ប្រមាណ ២,៨០០ កន្លែង៕

Advertisement