អាម៉េរិក-កូរ៉េខាងត្បូង យល់ព្រម​​បើក​ការសន្ទនា​ថ្នាក់ខ្ពស់​ស្ដីពី​ច្បាប់​ដែល​គាំពារ​ក្រុម​ហ៊ុន​អាម៉េរិក

ទិដ្ឋភាពក្នុងរោងចក្រផលិតរថយន្តរបស់ Hyundai នៅទីក្រុង Ulsan កូរ៉េខាងត្បូង កាលពីឆ្នាំ ២០០៣

កូរ៉េខាងត្បូង និង សហរដ្ឋ​អាម៉េរិក បាន​ឯកភាពគ្នា​ក្នុង​ការបើក​កិច្ចចរចា​ថ្នាក់ខ្ពស់​ក្នុងពេលឆាប់ៗខាងមុខ ស្ដីអំពី​វិធានការ​កាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​ច្បាប់​កាត់បន្ថយ​អតិផរណា (IRA) ចំពោះ​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់ កូរ៉េខាងត្បូង។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង Ahn Duk-geun កាលពី​ថ្ងៃទី ០៧ កញ្ញា​ប្រកាសថា ប្រទេស​នេះ និង សហរដ្ឋ​អាម៉េរិក បាន​យល់ព្រម​ប្រញាប់​បើក​កិច្ចចរចា​ថ្នាក់​រដ្ឋមន្ត្រី ស្ដីពី​វិធានការ​កាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​ច្បាប់​កាត់បន្ថយ​អតិផរណា ចំពោះ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់ កូរ៉េខាងត្បូង។

ក្រោយ​ជំនួប​ជាមួយ​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក (USTR) លោកស្រី Katherine Tai មន្ត្រី​កូរ៉េខាងត្បូង បានឱ្យដឹងថា «យើង​នឹង​ពិភាក្សា​អំពី​ពេលវេលា​ជាក់លាក់ និង​រឿង​លម្អិត​ផ្សេងទៀត (ទាក់ទិន​នឹង​គម្រោង​បើក​កិច្ចចរចា) កាន់តែ​ឆាប់​ កាន់តែ​ល្អ ប៉ុន្តែ ខ្ញុំ​គ្រោង​នឹង​ជួប​លោកស្រី Katherine Tai ជា​រៀងរាល់​សប្ដាហ៍ ចាប់ពី​សប្ដាហ៍​ក្រោយ និង​សប្ដាហ៍​បន្ទាប់»។

មុន​នោះ លោក Ahn បាន​ទៅដល់ វ៉ា​ស៊ី​ង​តោន កាលពី​ថ្ងៃទី ០៥ កញ្ញា ដើម្បី​ចរចា​អំពី​ច្បាប់​ថ្មី​របស់ សហរដ្ឋ​អាម៉េរិក ដែល​កំណត់ថា នឹងមាន​កម្មវិធី​លើកទឹកចិត្ត​ផ្នែក​ពន្ធ​តម្លៃ​ឡើងដល់ ៧,៥០០ ដុល្លារ សម្រាប់​ពលរដ្ឋ​អាម៉េរិក​ ទិញ​រថយន្ត​អគ្គិសនី​ដែល​ដំឡើង​នៅ សហរដ្ឋ​អាម៉េរិក លើកលែងតែ​រថយន្ត​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​កូរ៉េខាងត្បូង។

ទីក្រុង​សេ​អ៊ូ​ល យល់ថា IRA បំពាន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) កូរ៉េខាងត្បូង-សហរដ្ឋ​អាម៉េរិក ដែល​ក្នុងនោះ តម្រូវឱ្យ​ប្រទេស​នីមួយ​ៗ​​ប្រព្រឹត្ត​ចំពោះ​ផលិត​របស់​គូភាគី​ក្នុង​កិច្ច​ព្រម​ព្រៀង​ ឬ​បណ្ដា​ប្រទេស​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី ប្រព័ន្ធ​អនុគ្រោះ​ពន្ធ MFN ឱ្យ​ដូច​ទៅ​នឹង​​ផលិតផល​ក្នុងស្រុក៕

Advertisement