តម្លៃ​មាស​ពិភពលោក ធ្លាក់​ថ្លៃ​ជាង ១% ក្រោយ​មាន​ទិន្នន័យ​ស្ដីពី​អតិផរណា​របស់ សហរដ្ឋ​អាម៉េរិក

តម្លៃ​មាស​អាច​នឹង​ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់ ១,៦៩០ ទៅ ១,៧០០ ដុល្លារ/អោន ក្នុង​រយៈពេល​ខ្លី នៅពេលដែល​​ប្រាក់​ដុល្លារ​អាម៉េរិក អាច​ត្រូវបាន​ជូ​ញ​ដូរ​ក្នុងតម្លៃ​ខ្ពស់​ថ្មី ក្នុង​គ្រា​ រតនាគារជាតិ​អាម៉េរិក (Fed) រឹតបន្តឹង​ហិរញ្ញវត្ថុ​នៅ​សប្ដាហ៍​ក្រោយ។

តម្លៃ​មាស​ពិភពលោក​បាន​ធ្លាក់ចុះ​ជាង ១% ក្នុងការ​ជួញដូរ​កាល​ពី​ម្សិលមិញ ក្នុង​គ្រា​ដែល​ប្រាក់​ដុល្លារ​អាម៉េរិក ឡើងថ្លៃ​ជាថ្មី បន្ទាប់ពីសន្ទស្សន៍​​ថ្លៃទំនិញ​ប្រើប្រាស់​ក្នុង​ខែសីហា ២០២២ របស់ សហរដ្ឋ​អាម៉េរិក កើនឡើងភ្លាមៗ ធ្វើឱ្យ​ប្រាកដប្រជា​ចំពោះ​ព័ត៌មាន​ចចាមអារ៉ាម​ដែលថា ធនាគារកណ្ដាល​អាម៉េរិក នឹងមាន​ភាព​សកម្ម​ក្នុង​ការដំឡើង​ការប្រាក់។

នៅវេលា​ទៀបភ្លឺ​ថ្ងៃទី ១៤ ខែ​កញ្ញា ឆ្នាំ ២០២២ (ពេលវេលា​នៅ កម្ពុជា) តម្លៃ​មាស​ប្រគល់​ភ្លាម​បាន​ធ្លាក់ចុះ ១.២% មក​នៅត្រឹម ១,៧០៣.៨០ ដុល្លារ/អោន។ តម្លៃ​មាស​ប្រគល់​តាម​កាលកំណត់​ថយចុះ ១.៣% មក​នៅត្រឹម ១,៧១៧.៤០ ដុល្លារ/អោន (១ អោន (ounce) = ៨.២៩៤២៦ ជី)។

មូលហេតុ​ដែលនាំឱ្យ​មាស​ធ្លាក់​ថ្លៃ​គឺ​មក​ពីស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់ (CPI) របស់ សហរដ្ឋ​អាម៉េរិក ខ្ពស់ជាង​ការគ្រោងទុក បណ្ដាល​ឱ្យដំណឹង​ចចាមអារ៉ាម​ស្ដីពី​អត្រា​ការប្រាក់ ៧៥ ពិន្ទុ មាន​ភាព​ប្រាកដ​ប្រជា​ដែល​ថា​នឹង​កើតឡើង។ ប្រាក់​ដុល្លារ​អាម៉េរិក កំពុង​ឡើងថ្លៃ ក៏​អាច​បន្ត​ដាក់​សម្ពាធ​ដល់​តម្លៃ​មាស​ផងដែរ នេះ​បើតាម Tai Wong មកពី​ក្រុមហ៊ុន​ជួញដូរ​លោហធាតុ​មានតម្លៃ Heraeus Precious Metals នៅ សហរដ្ឋ​អាម៉េរិក។

លោក Tai Wong ព្យាករ​ថា មាស​អាច​ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់​ពី ១,៦៩០ ទៅ ១,៧០០ ដុល្លារ​អាម៉េរិក/អោន ក្នុង​រយៈពេល​ខ្លី គ្រា​ដែល​​ប្រាក់​ដុល្លារ​អាម៉េរិក អាច​ត្រូវបាន​ជូ​ញ​ដូរ​ក្នុងតម្លៃ​ខ្ពស់​ថ្មី នៅពេល រតនាគារជាតិ​អាម៉េរិក (Fed) នឹង​រឹតបន្តឹង​ហិរញ្ញវត្ថុ​នៅ​សប្ដាហ៍​ក្រោយ។

បើទោះជា​ត្រូវបាន​ចាត់ទុកថា​ជា​រនាំង​សម្រាប់​ទប់ទល់​នឹង​អតិផរណា ប៉ុន្តែ ការប្រាក់​ដែល​កាន់តែ​កើនឡើង​ខ្ពស់ ធ្វើឱ្យ​ការចំណាយ​លើ​ឱកាស​កាន់កាប់​មាស កាន់តែ​កើនឡើង​ខ្ពស់ទៅ​តាម​នោះ​៕

Advertisement