ទីផ្សារ​ដឹកជញ្ជូន​ទំនិញ​អន​ឡាញ នៅ អាស៊ីអាគ្នេយ៍ នឹងមាន​តម្លៃ​ជិត ៦០ ពាន់​លាន​ដុល្លារ

ទីផ្សារ E-commerce logistics ឬ E-logistic នៅ​តំបន់​អាស៊ីអាគ្នេយ៍ គ្រោង​នឹងមាន​កំណើន​ទ្វេដង​ជា​រៀងរាល់ឆ្នាំ​ក្នុង​អត្រា ២០.១៦% ក្នុង​ដំណាក់​ពី​ឆ្នាំ ២០២១ ដល់ ២០២៦។

ទំហំ​ទីផ្សារ «ដឹកជញ្ជូន​ទំនិញ​អន​ឡាញ» (ការដឹកជញ្ជូន​ទំនិញ​អន​ឡាញ ឬ​ការគ្រប់គ្រង​ការដឹកជញ្ជូន​ទំនិញ​របស់​ស្ថាប័ន​ពាណិជ្ជកម្ម​មួយ​ដោយ​ប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា​អន​ឡាញ មានដូចជា គេហទំព័រ ថ្នាល​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច ដែលជា​ផ្សារ​អន​ឡាញ។ល) នៅ អាស៊ីអាគ្នេយ៍ គ្រោង​នឹង​សម្រេចបាន ៥៨.៩៣ ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយមាន​កំណើន​ទ្វេដង​ជា​រៀងរាល់ឆ្នាំ (CAGR) ក្នុង​អត្រា​ប្រមាណ ២០.១៦% ក្នុងអំឡុង​ពី​ឆ្នាំ ២០២១ ដល់ ២០២៦ នេះ​បើតាម​របាយការណ៍​ស្ដីពី​ទីផ្សារ​ដឹកជញ្ជូន​ទំនិញ​អន​ឡាញ (E-commerce logistics) របស់ Technavio។

កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​ទីផ្សារ​ដឹកជញ្ជូន​ទំនិញ​អន​ឡាញ​នៅ អាស៊ីអាគ្នេយ៍

កត្តា​ជំរុញ​ដ៏​សំខាន់​មួយ​ដែល​ជួយ​ឱ្យ​ទីផ្សារ​ដឹកជញ្ជូន​ទំនិញ​អន​ឡាញ​នៅ អាស៊ីអាគ្នេយ៍ មាន​កំណើន​ខ្ពស់ នោះ​គឺ​ការកើនឡើង​នៃ​ពាណិជ្ជកម្ម​សង្គម។ ពាណិជ្ជកម្ម​សង្គម​ទាក់ទង​នឹង​ការប្រើប្រាស់​បណ្ដាញ​សង្គម និង​ថ្នាល​បច្ចេកវិទ្យា​អន​ឡាញ ឬ​ហៅថា ផ្សារ​អន​ឡាញ ដើម្បី​ជួយ​ដល់​សកម្មភាព​ទិញដូរ​ទំនិញ និង​សេវាកម្ម​តាម​អន​ឡាញ។

ថ្នាល​ពាណិជ្ជកម្ម​សង្គម​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​អន្តរ​កម្ម​សង្គម​ដោយយោង​ទៅលើ​ការ​ប្រ​ស្រាយ​ទាក់ទង និង​បទពិសោធន៍​អ្នកប្រើប្រាស់។ បណ្ដា​ក្រុមហ៊ុនធំៗនៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដូចជា Facebook, Instagram, Youtube, Pinterest, Snapchat ជាដើម នាំមក​នូវ​ឱកាស​សម្រាប់​ពាណិជ្ជកម្ម​សង្គម តាមរយៈ​ថ្នាល​បច្ចេកវិទ្យា​របស់​ពួកគេ។

អ្នកប្រើប្រាស់​អាច​មើល​ផលិតផល និង​ការរៀបរាប់​លម្អិត​អំពី​ផលិតផល​ដែលមាន​នៅក្នុង​ការផ្សាយ​ពាណិជ្ជកម្ម​នៅលើ​ថ្នាល​បច្ចេកវិទ្យា​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​អាច​សម្រេចចិត្តថា​ទិញ ឬ​មិន​ទិញ​ក្រោយពី​បាន​ប្រៀបធៀប និង​ពិចារណា។

និន្នាការ​នៃ​ទីផ្សារ​ដឹកជញ្ជូន​ទំនិញ​អន​ឡាញ​នៅ អាស៊ីអាគ្នេយ៍

ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​នៅក្នុង​វិស័យ​ដឹកជញ្ជូន​ទំនិញ​អន​ឡាញ គឺជា​និ​ន្ន​ការ​នៃ​ទីផ្សារ​ដឹកជញ្ជូន​ទំនិញ​អន​ឡាញ​នៅ អាស៊ីអាគ្នេយ៍ ដែល​ត្រូវបាន​ព្យាករ​ថា នឹងមាន​ផល​វិជ្ជមាន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។ ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ត្រូវបាន​គេ​រំពឹងថា នឹង​បង្កើត​ឱកាសថ្មីៗសម្រាប់​ទីផ្សារ​មួយ​ប្រភេទ​នេះ៕

Advertisement