​ជប៉ុន បង្កើត​រោង​ចក្រ​ដំឡើង​រថយន្ត​នៅ កម្ពុជា ៖ នាយករដ្ឋមន្ត្រី គីស៊ីដា ស្នើ​ឱ្យ​ កម្ពុជា ​ជួយ​គាំទ្រ

នាយករដ្ឋមន្ត្រី​ជប៉ុន លោក គីស៊ីដា ហ្វូមីអូ បាន​ស្នើឱ្យ​ កម្ពុជា​ គាំទ្រក្រុមហ៊ុនរបស់ ជប៉ុន ក្នុង​ប្រតិបត្តិការធុរកិច្ចនៅ កម្ពុជា​ នៅ​ពេល​​ក្រុមហ៊ុន Toyota របស់​ ជប៉ុន នឹងបង្កើតរោងចក្រនៅ​ទីនេះ​នាពេល​ខាង​មុខ​។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាន​ឱ្យ​ដឹង​ថា សំណើ​ខាង​លើ​ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​ជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅ​ រាជធានី​តូក្យូ ប្រទេស​ជប៉ុន នា​​ព្រឹកថ្ងៃទី ២៨ កញ្ញា ២០២២។

ទាក់ទង​នឹង​គម្រោង​បើក​រោង​ចក្រ​រថយន្ត Toyota នៅ កម្ពុជា នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាល​ពី​ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២ ក៏​បាន​សម្រេច​អនុម័ត​សំណើ​វិនិយោគ​ក្នុង​ទំហំ​ទឹក​ប្រាក់​ ៣៦.៧ លាន​ដុល្លារ​អាម៉េរិក របស់ Toyota (Toyota Tsusho Manufacturing) រួច​មក​ហើយ។ Toyota ​គ្រោង​នឹង​បង្កើត​រោង​ចក្រ​ដំឡើង​រថយន្ត​នៅ កម្ពុជា ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ទីផ្សារ​នេះ​ ក៏ដូចជា​ការ​នាំចេញ​ទៅ​បរទេស​។ គម្រោង​របស់​ Toyota ដែល​ស្ថិត​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នេះ គ្រោង​នឹង​ផ្ដល់​​​ការ​ងារ​ប្រមាណ ១៥០ កន្លែង​ដល់​ពលរដ្ឋ​កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន គីស៊ីដា ហ្វូមីអូ ក្នុង​ជំនួប​ពិភាក្សា​នា រាជធានីតូក្យូ កាលពីព្រឹក​មិញ
Advertisement