Nissan ពិនិត្យ​លទ្ធភាព​ក្នុងការ​ចូលរួម​បង្កើត​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ជាមួយ Renault

ក្រុមហ៊ុន​បណ្ដាក់ទុន​រួមគ្នា​ថ្មី​មួយ​របស់ Nissan Motor, Groupe Renault និង Mitsubishi Motor នឹង​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​នាពេលឆាប់ៗខាងមុខ។

ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Nissan Motor លោក Makoto Uchida បានឱ្យដឹងថា នឹង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ចូលរួម​បង្កើត​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ជាមួយនឹង Renault ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់ បារាំង។

ក្រុមហ៊ុន Renault ប្រកាសថា នឹង​កែប្រែ​ផ្នែក​ផលិត​រថយន្ត​អគ្គិសនី (EV) របស់ខ្លួន​ទៅជា​ក្រុមហ៊ុន​មួយ​ដាច់ដោយឡែក។ ក្រុមហ៊ុន​ផលិត​រថយន្ត​របស់ បារាំង មួយ​នេះ មាន​គម្រោង​ដាក់​ក្រុមហ៊ុន​ថ្មី​ឡើង​ផ្សារ​ហ៊ុន​នៅក្នុង​ឆ្នាំក្រោយ។

Renault បានស្នើ​ឱ្យ​ដៃគូ​សហការ​របស់ខ្លួន​គឺ Nissan និង Mitsubishi Motor ចូលរួម​បង្កើត​ក្រុមហ៊ុន​ថ្មី​ជាមួយគ្នា និង​បាន​ពិភាក្សា​អំពី​ការវិនិយោគ​រួម។ កាលពីដើមឆ្នាំ ២០២២ ក្រុមហ៊ុន​បណ្ដាក់ទុន​រួមគ្នា​នេះ​បានប្រកាសថា នឹង​បញ្ចេញ​រថយន្ត​អគ្គិសនី​ចំនួន ៣៥ ម៉ូ​ដែល​នៅ​ឆ្នាំ ២០៣០។

Nissan ធ្វើ​សកម្មភាព​ភាគច្រើន​នៅក្នុង​ទីផ្សារ សហរដ្ឋ​អាម៉េរិក ជប៉ុន និង ចិនដីគោក។ ដូច្នេះ ក្រុមហ៊ុន​នេះ​ត្រូវ​ប្រឈម​នឹង​កម្រិត​នៃ​ភាព​បន្ទាន់ខុសៗគ្នា​ក្នុងការ​ឆ្លើយតប​នឹង​តម្រូវការ​រថយន្ត​អគ្គិសនី។ ក្រៅពីនេះ ក្រុមហ៊ុន​បណ្ដាក់ទុន​រួមគ្នា​ថ្មី​របស់ Nissan, Renault និង Mitsubishi ក៏ត្រូវ​បានស្នើ​ឱ្យ​ដាក់​ការិយាល័យ​កណ្ដាល​នៅ ប្រទេស​បារាំង ដែល​នេះ​មានន័យថា សកម្មភាព​ចម្បង​របស់​ពួកគេ នឹង​ផ្ដោតទៅលើ​ទីផ្សារ​អឺរ៉ុប៕

Advertisement