ក្រុម​ហ៊ុន​អាកាសចរណ៍​អង់គ្លេស អនុញ្ញាត​ឱ្យ​បុគ្គលិក​ភេទ​​​ប្រុស​​ស្លៀក​រ៉ូប​ដូច​នារី

ក្រុមហ៊ុន Virgin Atlantic អនុញ្ញាត​ឱ្យ​បុគ្គលិក​ស្លៀក​ពាក់​​ឯកសណ្ឋាន​​បែប​ណា​​ក៏​បាន​ ឱ្យ​តែ​ពួក​គេ​គិតថា​សម​ស្រប​ ក្នុងនោះ បុគ្គលិក​ជា​បុរស​អាច​ស្លៀក​រ៉ូប​ធ្វើការ​។

ក្នុង​កិច្ច​ប្រឹង​ប្រែង​ក្លាយជា «ក្រុម​ហ៊ុន​អាកាស​ចរណ៍​ល្អ​ឯក​លើ​អាកាស» Virgin Atlantic របស់ អង់គ្លេស កាលពី​ថ្ងៃទី ២៨ កញ្ញា បាន​ប្រកាស​អំពី​ការ​កែប្រែ​គោល​ការណ៍​ថ្មី​ស្ដី​ពី​ឯកសណ្ឋាន​របស់​បុគ្គលិក ដើម្បី​លើក​កម្ពស់​ឯកជន​ភាព​។ បុគ្គលិក​អាច​ជ្រើស​រើស​ឯកសណ្ឋាន​តាម​ចិត្ត​ ដោយ​មិន​រង​ឥទ្ធិពល​ពី​ «អត្តសញ្ញាណ​ភេទ ឬ​ការ​បង្ហាញ​អំពី​ភេទ​»។

ក្នុង​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​លើ Youtube គេឃើញ​មាន​រូប​ភាព​បុរស​ជា​អ្នកបម្រើ​លើ​យន្តហោះ​ស្លៀក​រ៉ូប​ពណ៌​ក្រហម ខណៈ​នារី​ជា​អ្នកបម្រើ​ស្លៀក​ពាក់​ឈុត​អាវ​ធំ​ និង​ក្រវាត់​ក​បែប​បុរស​។ បុគ្គលិក​របស់ Virgin Atlantic ក៏​អាច​ពាក់ស្លាក​ឈ្មោះ​ដែល​ពួក​គេ​ចូល​ចិត្ត​ និង​ចង់​ឱ្យ​ហៅ​។

Virgin Atlantic ក៏​មាន​គោល​ការណ៍​ថ្មីដែល​ល្អ​​សម្រាប់​បុគ្គលិក​ដែល​សុំ​ច្បាប់​សម្រាក​ព្យាបាល​ទាក់ទង​នឹង​ការ​ប្ដូរ​ភេទ​ និង​អនុញ្ញាត​ឱ្យ​ពួក​គេ​ជ្រើស​រើស​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​ និង​បន្ទប់​ងូត​ទឹក​ផងដែរ​។

ក៏ប៉ុន្តែ គោល​ការណ៍​ថ្មី​របស់ Virgin Atlantic បាន​បង្ក​ឱ្យ​មាន​មតិ​ចម្រូង​ចម្រាស​ច្រើន​។ អ្នក​ខ្លះ​សរសើរ​ថា នេះ​គឺជា​គោល​ការណ៍​ទាន់​សម័យ​ ខណៈ​អ្នក​ខ្លះ​ថា វា​ជា​ការ​វិវត្ត​ដ៏​អាក្រក់​៕

Advertisement