កូរ៉េខាងត្បូង មាន​មហិច្ឆតា​ក្ដោប​ក្ដាប់មួយភាគ​ធំ​នៃ​ទីផ្សារ​រថយន្ត​អគ្គិសនី​ពិភពលោក

យោង​តាម Korea Times កូរ៉េខាងត្បូង​ កំពុងរក​វិធី​ជំរុញ​សកម្មភាព​ផលិត​រថយន្ត​អគ្គិសនី​ និង​កំណត់គោល​ដៅ​បង្កើន​ការ​ក្ដោប​ក្ដាប់​ទី​ផ្សារ​ឱ្យ​បាន​ទ្វេ​ដង​ធៀប​នឹង​បច្ចុប្បន្ន របស់​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ប្រទេស​នេះ​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​ និងយក​ចំណែក​ទីផ្សារ​​ឱ្យ​បាន​ ១២% នៅ​ឆ្នាំ​ ២០៣០​។

យោង​តាម​ ក្រសួង​ពាណិជ្ជកម្ម​ ឧស្សាហកម្ម និង​ថាមពល​កូរ៉េខាង​ត្បូង រដ្ឋាភិបាល​ប្រទេស​នេះ​បាន​សន្យា​ផ្ដល់ការ​អនុគ្រោះ​ពន្ធ​ និង​វិធានការ​គាំទ្រ​ជា​ច្រើន​ផ្សេង​ទៀត​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​របស់​បណ្ដា​ក្រុមហ៊ុន​ផលិតរថយន្ត​ ឱ្យ​បាន​ដល់​ ៦៦.០៣ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៦​។

ក្រុម​អ្នកផលិត​រថយន្ត​របស់ កូរ៉េខាងត្បូង មាន​ផែនការ​បង្កើន​បរិមាណ​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ដល់ ៣.៣ លាន​គ្រឿង​នៅ​ឆ្នាំ​ ២០៣០ សម្រាប់ពិភពលោក ច្រើន​ជាង​ឆ្ងាយ​ធៀប​នឹង​ប្រហែល ២៥៤,០០០ គ្រឿង​កាលពី​ឆ្នាំ​កន្លង​ ដើម្បី​ក្ដោប​ក្ដាប់​ចំណែក​ទីផ្សារ​រថយន្ត​អគ្គិសនី ១២% នៅ​ទូទាំង​សកល​លោក​។ កាលពី​​ឆ្នាំ​ ២០២១ ក្រុមហ៊ុន​ផលិត​រថយន្ត​របស់ កូរ៉េខាងត្បូង កាន់កាប់ ៥% នៅ​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​ពិភពលោក​។

ដើម្បី​សម្រេច​បាន​គោលដៅ ក្រុម​អ្នក​ផលិតរថយន្ត​ក្នុង​ស្រុក​របស់ កូរ៉េខាងត្បូង សន្យា​ថា​នឹង​ធ្វើកិច្ច​ការ​សំខាន់​ៗ​ជា​ច្រើន​ មាន​ដូចជា ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ផ្ដាច់​មុខ​របស់​ពួក​គេ​សម្រាប់​រថយន្ត​អគ្គិសនី​ ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​រាប់​ម៉ឺន​នាក់​ក្នុង​វិស័យ​រថយន្ត​ ក៏ដូចជា​បង្កើត​ក្រុម​ហ៊ុន​រាប់រយ​ដែល​មាន​ជំនាញ​ក្នុង​ការ​អភិវឌ្ឍ​កម្មវិធីបច្ចេកវិទ្យា​សម្រាប់​​រថយន្ត​អគ្គិសនី​ ចាប់ពី​ពេល​នេះ​ដល់​ឆ្នាំ ២០៣០​។

រដ្ឋាភិបាល​កូរ៉េខាងត្បូង កំពុងយក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​វិស័យ​រថយន្ត​អគ្គិសនី​ ក្នុង​នោះ បច្ចេកវិទ្យា​បើកបរ​ស្វ័យ​ប្រវត្ត​សម្រាប់​រថយន្ត​អគ្គិសនី​នឹង​ត្រូវ​បាន​វិនិយោគ​ ស្រាវជ្រាវ​ អភិវឌ្ឍ​ និង​ផលិត​ចាប់ពី​ឆ្នាំ​ ២០២៤​ ទន្ទឹម​នឹង​ការ​ជួយ​គាំទ្រ​វិស័យ​នេះ​ តាម​រយៈ​ការ​អនុគ្រោះ​ពន្ធ​ ការ​ជំរុញ​ការ​ប្រើប្រាស់​រយន្ត​អគ្គិសនីជា​ដើម​។ល។

Advertisement