ក្រុម​ហ៊ុន​តៃវ៉ាន់ Foxconn ផលិត​រថយន្ត​អគ្គិសនី​នៅ ឥណ្ឌូណេស៊ី

ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ Hon Hai របស់ តៃវ៉ាន់ បាន​ឱ្យ​ដឹង​ថា ពួក​គេ​បាន​បង្កើត​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួមជាមួយ PT Mitra Motor Group (MMG) ដែលជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ Indonesia PT Indika Energy ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ និង​ថ្ម​ផ្ទុក​ថាមពល​នៅ​ ប្រទេស​ឥណ្ឌូណេស៊ី​។

Hon Hai ឬ​ហៅ​ជា​លក្ខណៈ​អន្តរជាតិ​ថា Foxconn បង្ហើប​ឱ្យ​ដឹង​ថា កិច្ច​ព្រម​ព្រៀង​ត្រូវ​បាន​ចុះ​ហត្ថលេខា​​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ពួក​គេ​គឺ Foxteq Singapore។ ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​ថ្មី គឺ PT Foxconn Indika Motor (FIM) នឹង​ទទួល​បាន​វិញ្ញាបនបត្រ​ផ្នែក​បច្ចេក​វិទ្យា​ផលិត​រថយន្ត​អគ្គិសនី​ពី​ក្រុម​ហ៊ុន​មេ​នៅ តៃវ៉ាន់ (Foxconn)។

មេដឹកនាំ​ផ្នែក​យុទ្ធសាស្ត្រ​​ទទួល​បន្ទុក​​​ថ្ម​ផ្ទុក​ថាមពល​របស់ Foxconn លោក Troy Wu បាន​និយាយ​នៅ​ក្នុង​ប្រកាស​មួយ​កាល​ពីពេល​ថ្មី​ៗ​នេះ​ថា «ឥណ្ឌូណេស៊ី ដែល​ជា​ខឿន​សេដ្ឋកិច្ច​ធំជាង​គេ​នៅ អាស៊ីអាគ្នេយ៍​ បាន​សន្យា​ទាក់​ទង​នឹង​គោលដៅ​មិន​បញ្ចេញ​ឧស្ម័ន​ប្រកប​ដោយ​មហិច្ឆតា។ ក្រុមហ៊ុន​បណ្ដាក់​ទុន​រួម​នេះ​សង្កត់​ធ្ងន់​ចំពោះ​ការសន្យា​របស់ Foxconn ក្នុងការ​គាំទ្រ​ដៃ​គូ​របស់​យើង​នៅ ឥណ្ឌូណេស៊ី សម្រាប់​គោល​ដៅ​រួម​របស់​យើង គឺ​ការ​ស្ថាបនា​បណ្ដាញ​ប្រកប​ដោយ​ស្ថិរភាព​»។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​កំណត់​គោលដៅ​ដល់​ឆ្នាំ​ ២០៣០ នឹង​មាន​រថយន្ត​អគ្គិសនី​ចំនួន ២ លាន​គ្រឿង និង​ម៉ូតូអគ្គិសនី​ចំនួន ១៣ លាន​គ្រឿងដែល​ប្រើប្រាស់​ក្នុង​ប្រទេស​នេះ​។

ប្រធាន​ផ្នែក​វិនិយោគ​របស់ Indika Energy លោក Purbaja Pantja អះអាង​ថា «យើងមើល​ឃើញ សក្ដានុពល​ធំធេង​សម្រាប់​ការ​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​នៅ ឥណ្ឌូណេស៊ី»។ លោក​បន្ថែម​ថា កិច្ច​សហការ​រវាង​ MMG និង Foxteq Singapore នឹង​ជួយ​ជំរុញ​ឱ្យ​ ឥណ្ឌូណេស៊ី ក្លាយជា​អ្នក​អភិវឌ្ឍ​បណ្ដាញ​រថយន្ត​អគ្គិសនី​ និង​ថ្ម​ផ្ទុក​ថាមពល​លំដាប់​កំពូល​របស់​ពិភពលោក​៕​

Advertisement