ក្រុម​ហ៊ុន Dongfeng Motor នាំចេញ​រថយន្ត​អគ្គិសនី​ SUV Voyah ៥០០ គ្រឿង​ ទៅ​កាន់ ន័រវែស

ន័រវែស​ គឺជា​ទីសំចត​ដំបូង​របស់ Voyah សម្រាប់​ទីផ្សារ​អន្តរជាតិ​ ហើយ​ក្រុមហ៊ុន​ Dongfeng គ្រោង​នឹង​វាយ​លុក​ចូល​ទីផ្សារ​របស់​ប្រទេស​មួយ​ចំនួន​ទៀតនៅ​ តំបន់​អឺរ៉ុប។

កាលពី​ដើម​សប្ដាហ៍​នេះ​ Dongfeng Motor បាន​ប្រកាស​ថា រថយន្ត​ប្រភេទ SUV អគ្គិសនី​យីហោ Voyah Free ដំបូង​ចំនួន ៥០០ គ្រឿង​ នឹង​ត្រូវ​ដឹក​ទៅ​កាន់​ ប្រទេស​ន័រវែស។ ទំនិញ​ខាងលើ​ត្រូវ​បាន​ដឹក​ពី​រោង​ចក្រ​របស់ Dongfeng Motor នៅ Wuhan ខេត្ត Hebei ប្រទេស​ចិន ដែលជា​ទីស្នាក់​ការ​កណ្ដាល​របស់​ពួក​គេ​​។

ក្រុមហ៊ុន​នេះ​បាន​ឱ្យ​ដឹង​ថា នឹង​ប្រគល់​ Voyah Free ដល់​ដៃ​អតិថិជន​នៅ ន័រវែស ចាប់​ពី​ចុង​ខែ​វិច្ឆិកា​ខាងមុខ​។

ន័រវែស​ គឺជា​ទីសំចត​ដំបូង​របស់ Voyah សម្រាប់​ទីផ្សារ​អន្តរជាតិ​ ហើយ​ក្រុមហ៊ុន​ Dongfeng គ្រោង​នឹង​វាយ​លុក​ចូល​ទីផ្សារ​របស់​ប្រទេស​មួយ​ចំនួន​ទៀត មាន​ដូច​ជា ស៊ុយអែត ហូឡង់ ដាណឺម៉ាក ជា​ដើម ដោយ​ចាប់​ផ្ដើម​ពី​ឆ្នាំ​ក្រោយ​។

Dongfeng Motor បាន​ប្រកាស​បញ្ចេញ​រថយន្ត​ម៉ាក Voyah និង Voyah FREE កាលពី​ចុង​ឆ្នាំ​ ២០២០ ដើម្បី​អនុវត្ត​មហិច្ឆតា​វាយ​លុក​ទីផ្សារ​​រថយន្ត​អគ្គិសនី​លើ​ពិភពលោក​។ Voyah FREE បច្ចុប្បន្ន​មាន​តម្លៃ​ចាប់ពី ៣១៣,៦០០ យុន (៤៣,៧៦០ ដុល្លារ​អាម៉េរិក) ដល់ ៣៩៣,៦០០ យុន​ នៅ​ ប្រទេស​ចិន​។

Voyah Space ដែល​ជា​ហាង​ដំបូង​របស់ Voyah ដែល​នៅ​ខាង​ក្រៅ​ ប្រទេស​ចិន​។ ហាង​នេះ​ត្រូវ​បាន​បើក​ដំណើរ​ការ​នៅ ន័រវែស តាំង​ពី​ខែ​មិថុនា ២០២២​៕

Advertisement