Tesla នឹង​ស្នង​តំណែង​របស់ BMW និង Mercedes «ក្លាយ​ជា​អ្នកផលិត​រថយន្ត​លំដាប់​ប្រណិត​បំផុត​ក្នុង​ពិភពលោក»

Tesla កំពុង​តែ​បន្ត​រីក​ចម្រើន​ក្នុង​ល្បឿន​យ៉ាង​លឿន​ ខណៈ​ដែល​ក្រុមហ៊ុន​នេះ​កំពុង​កំណត់​គោល​ដៅ​ក្លាយ​ជា​យីហៅ​គុណភាព​លេខ​ ១ ក្នុង​ពិភពលោក​។ ប្រការ​នេះ​មាន​ន័យ​ថា Tesla នឹង​ដណ្ដើម​យក​តំណែង​របស់ BMW។

ក្រុម​អ្នក​វិភាគ​យល់​ថា ដោយ​សំអាង​លើ​រោង​ចក្រ​ខ្នាត​យក្ស​ទាំង​ពីរ​ គឺ​ Giga Texas នៅ​ សហរដ្ឋ​អាម៉េរិក និង Giga Berlin នៅ​ អាល្លឺម៉ង់ ក្រុម​ហ៊ុន​ Tesla នឹង​សម្រេច​​​ផែនការ​យក​ឈ្នះលើ​​ BMW និង Mercedes នៅ​ឆ្នាំ​ ២០២៣​។

យោង​តាម Reuters ក្រុមហ៊ុន​ Tesla ជឿ​ថា ពួក​គេ​នឹង​ផលិត​រថយន្ត​អគ្គិសនី Model 3 និង Model Y ចំនួន ៤៩៥,០០០ គ្រឿង​ នៅ​ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ​នេះ​។ ចំណែក​ក្នុង​ត្រីមាស​ទី ៣ Tesla បាន​ប្រគល់​ជូន​អតិថិជន​ចំនួន ៣៤៣,៨៣០ គ្រឿង​។ ក្រុម​អ្នកវិភាគ​សង្ឃឹមថា Tesla នឹង​ផ្គត់​ផ្គង់​ដល់​ទីផ្សារ​សរុប​ប្រហែល ១.៤ លាន​គ្រឿង​នៅ​ក្នុង​ឆ្នាំ​នេះ​។

ការ​ពង្រីក​រោង​ចក្រ​ Giga Shanghai និង Fremont របស់ Tesla ក៏​នឹង​ធានា​ដល់​​បរិមាណ​រថយន្ត​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ បើ​ទោះ​ជា​​បញ្ហា​​ទាក់​ទិន​នឹង​បណ្ដាញ​ផ្គត់​ផ្គង់​កំពុង​កើត​មាន​នៅ​ក្នុង​វិស័យ​រថយន្ត​។

អ្នកវិភាគ​ជា​ច្រើន​ជឿ​ថា Tesla នឹង​ផ្គត់ផ្គង់​រថយន្ត​អគ្គិសនី ២ លាន​គ្រឿង​ក្នុង​ឆ្នាំ​ក្រោយ​។ នៅ​ក្នុង​ឆ្នាំ​នោះ Tesla នឹង​ក្លាយ​ជា​ការ​គំរាម​កំហែង​ពិត​ប្រាកដ​ចំពោះ​ Mercedes និង BMW ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ដែល​លក់​បាន​ ២.១ លាន​គ្រឿង និង ២.៥ លាន​គ្រឿង​ក្នុង​ឆ្នាំ​កន្លង​។

បើ​សិន​ជា Tesla អាច​យក​ឈ្នះ​លើ​ក្រុម​ហ៊ុន​ទាំង​នេះ Tesla នឹង​ក្លាយ​ជា​អ្នក​ផលិត​រថយន្ត​លំដាប់​គុណ​ភាព​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​៕

Advertisement