តម្លៃ​ប្រេង​ឆៅ​ពិភពលោក​ឡើង​ថ្លៃ​​ភ្លាម​ៗ បន្ទាប់​ពី​មាន​ដំណឹង​ថា OPEC+ នឹង​ពិចារណា​កាត់បន្ថយ​បរិមាណ​

​ប្រភព​ព័ត៌មាន​ពី OPEC+ បាន​ឱ្យ​ដឹង​ថា ស្ថាប័ន​នេះ​កំពុង​តែ​ពិនិត្យ​លទ្ធភាព​កាត់បន្ថយ​បរិមាណ​ប្រេង​ឱ្យ​បាន​ជាង​ ១ លាន​ធុង​/​ថ្ងៃ​ ដែល​ចាប់​ផ្ដើម​ពី​សប្ដាហ៍​ក្រោយ​​ ដែល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​កែប្រែ​តម្លៃ​ប្រេង​ឆៅ​នៅ​ក្នុង​ទីផ្សារ​ដែល​កំពុង​ធ្លាក់​ថ្លៃ​ខ្លាំង​។

យោង​តាម CNBC កិច្ច​ប្រជុំ​នា​ពេល​ខាងមុខ​របស់ OPEC+ (ក្រុម​ប្រទេស​នាំចេញ​ប្រេង​រ៉ែ និងដៃ​គូ​សហការ) នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី ០៥ តុលា​ខាងមុខ​ ក្រោយ​ពី​តម្លៃ​ប្រេង​ពិភពលោក​បាន​ និង​កំពុង​ធ្លាក់​ថ្លៃ​ខ្លាំង​ ដោយ​សារ​កត្តា​ជា​ច្រើន​ មាន​ដូចជា ការ​ងាក​ទៅ​រក​ថាមពល​កកើត​ឡើង​វិញ​របស់​ពិភពលោក ការ​ព្រួយបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​សកលជា​ដើម​។

បើ​សិនជា​សំណើ​កាត់បន្ថយ​ប្រេង​ ១ លាន​ធុង​/ថ្ងៃ​ ត្រូវ​បាន​អនុម័ត​ វា​នឹង​មាន​ន័យ​ថា បរិមាណ​ប្រេង​ ១% នៅ​ទូទាំង​ពិភពលោក​ នឹង​ត្រូវ​បាន​កាត់​​ចេញ​ពី​បណ្ដាញ​ផលិត​ប្រេងទាំង​មូល​។ ក្រោយ​កូវីដ-១៩ នេះ​នឹង​ជា​ការ​កាត់​បន្ថយ​បរិមាណ​ប្រេង​​ធំ​បំផុតរបស់ OPEC+។ ក្នុង​ឆ្នាំ​ ២០២០ អង្គការ​នេះ​ធ្លាប់​បាន​កាត់ប​ន្ថយ​បរិមាណ​ប្រេង​ឆៅ​​ប្រហែល ១០ លាន ធុង​/​ថ្ងៃ។

យោង​តាម Reuters ក្រុម​អ្នកវិភាគ​ និង​អ្នក​តាម​ដាន​ OPEC មាន​ដូច​ជា UBS និង JPMorgan ជា​ដើម បាន​ឱ្យ​ដឹង​ថា បរិមាណ​ប្រេង​ដែល​កំពុង​ត្រូវ​បាន​ពិចារណា​កាត់​បន្ថយ​នេះ​គឺជា​កម្រិត​សម​ស្រប​ ក្នុងការ​ទប់​ស្កាត់​ការ​ធ្លាក់​ថ្លៃ​ខ្លាំង​របស់​ប្រេង​ពិភពលោក​។

បន្ទាប់​ពី​មាន​ដំណឹង​ថា OPEC+ នឹង​ពិចារណា​កាត់បន្ថយ​បរិមាណ​ប្រេង​ តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ពិភពលោក​ក៏​បាន​​ឡើង​ថ្លៃប្រហែល​ ៣% ​​ភ្លាម​ៗ នៅក្នុង​ការ​ជួញ​ដូរ​នៅ​ អាស៊ី នា​ថ្ងៃទី ០៣ តុលា​នេះ​។ ប្រេង​ឆៅ​ Brent ប្រគល់​តាម​កាល​កំណត់​បាន​ឡើង​ថ្លៃ​ ២.៨២ ដុល្លារ​អាម៉េរិក ឬ​ស្មើ​នឹង ៣.៣% ដោយ​ត្រូវ​បាន​ជួញ​ដូរ​ក្នុង​តម្លៃ​​ ៨៧.៩៦ ដុល្លារ​/ធុង​។ ចំណែក​ប្រេង​ឆៅ​ West Texas Intermediate (WTI) ត្រូវ​បាន​ជួញដូរ​ក្នុងតម្លៃ​ ៨២.០៩ ដុល្លារ​/​ធុង​ ពោល​គឺ​ឡើង​ថ្លៃ​ ២.៦០ ដុល្លារ​ ឬ​ស្មើ​នឹង​ ៣.៣% បន្ទាប់​ពី​ធ្លាក់​ថ្លៃ​ ២.១% ក្នុង​ការ​ជួ​ញ​ដូរ​មុន​នោះ​៕

Advertisement