​រថយន្ត​អគ្គិសនី​រួម​ចំណែក ១១% ក្នុង​ចំណោម​រថយន្ត​សរុប​ដែល​បាន​លក់​ចេញ​ទូទាំង​សកលលោក

បរិមាណ​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​នៅ​ទូទាំង​ពិភពលោក បាន​កើន​ ៦០% នៅ​ក្នុង​ខែ​សីហា ២០២២ ធៀប​នឹង​ខែសីហា ២០២១​ ដោយ​សម្រេច​បាន ៨៤៧,០០០ គ្រឿង​។ តាមការ​រំពឹង​ទុក ចុង​ត្រីមាស​ទី ៣ ឆ្នាំ​នេះ​ គឺជា​​ពេល​វេលាដែល​​​ទីផ្សារ​រថយន្ត​អគ្គិសនី​ «ផ្ទុះ​ឡើង» ខ្លាំង​ក្លា​។

ដោយ​មួយ​ខែ​ប្រកប​ដោយ​ភាព​អស្ចារ្យ​ដូច​ខែ​សីហាកន្លង​ទៅ រថយន្ត​អគ្គិសនីទូទៅ​​បាន​ចូលរួម​ចំណែក​ ១៥% ធៀប​នឹង​ទីផ្សារ​រថយន្ត​ទាំង​មូល​។ ដោយ​ឡែក រថយន្ត​ប្រើប្រាស់​ថ្ម​អគ្គិសនី​ (BEV-Battery electric vehicle) រួម​ចំណែក​រហូត​ដល់ ១១% នៅ​ក្នុង​ទីផ្សារ​រថយន្ត​​។ រថយន្ត​ hybrid (HEV) មាន​កំណើន​ខ្ពស់​បំផុត​រាប់​ចាប់តាំង​ពី​ខែ​មីនា​ឆ្នាំ​កន្លង​ (កើន ៦% ធៀប​នឹង​ឆ្នាំ​មុន)។

នៅក្នុង​ខែសីហា ២០២២ រថយន្ត​អគ្គិសនី BEV មាន​កំណើន​​ ៦៦% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​កាល​ពី​ឆ្នាំ​កន្លង​ ដែល​នេះ​កើន​លឿន​ជាង​ធៀប​នឹង ៤៧% របស់​​រថយន្ត​ hybrid ប៉ុន្តែ​ បើ​ដក​រថយន្ត plugin hybrid (PHEV) របស់​ ចិន​ ចេញពី​ស្ថិតិ គេ​ឃើញ​ថា PHEV (Plug in Hybrid Electric Vehicle) ថយ​ចុះ​ ៩%​ ធៀប​នឹង​ឆ្នាំ​មុន​។

គិត​មក​ដល់​បច្ចុប្បន្ន ចំណែក​ទីផ្សារ​បស់​រថយន្ត​អគ្គិសនី​​ (BEV, HEV, FCEV និង PHEV) បាន​កើនឡើង​ដល់ ១៣% ក្នុង​នោះ​ BEV កាន់​កាប់​ ៩.២%។

Advertisement