អ៊ីឡុន ម៉ាស (Elon Musk) ស្នើ​ទិញឡើងវិញចំពោះ​បណ្ដាញ​សង្គម​ Twitter

លោក​ អ៊ីឡុន ម៉ាស

អ្នក​មាន​ជាង​គេ​ក្នុង​ពិភពលោក​ ជា​ថ្មី​ម្ដង​ទៀត បាន​ប្ដូរ​ផ្លាស់​គំនិតរបស់​ខ្លួន​​ ដោយ​សុំ​ទិញ​ Twitter ក្នុង​តម្លៃ​ដូច​ដំបូង​គឺ ៥៤.២ ដុល្លារ​ ក្នុង​ ១ ភាគ​ហ៊ុន​។

យោង​តាម​ឯកសារ​ដែល​ដាក់​ឡើង​ទៅ​កាន់​គណៈកម្មការ​មូលបត្រ​អាម៉េរិក (SEC) កាលពី​ថ្ងៃទី ០៤ តុលា លោក អ៊ីឡុន ម៉ាស បាន​លើក​សំណើ​បន្ត​ទិញ Twitter កាល​ពី​ថ្ងៃទី ០៣ តុលា​។ ភាគ​ហ៊ុន​របស់ Twitter កាលពី​ម្សិល​មិញ បាន​ឡើង​ថ្លៃ​ ២២% បន្ទាប់​ពី​មាន​ព័ត៌មាន​ខាងលើ​នេះ​។

បណ្ដាញ​សង្គម Twitter ក៏​បាន​ប្រកាស​ថា បាន​ទទួល​សំណើ​របស់​លោក ម៉ាស​ រួច​ហើយ​។ «គោល​បំណង​របស់​ក្រុមហ៊ុន​គឺ​បង្ហើយ​ការ​ទិញ​ដូរ​នេះ​ក្នុង​តម្លៃ​ ៥៤.២ ដុល្លារ​/​ហ៊ុន​» Twitter ឱ្យដឹង​ដូច្នេះ​។

យោង​តាម CNBC កិច្ច​ព្រម​ព្រៀង​អាច​នឹង​សម្រេច​បាន​យ៉ាង​ឆាប់​គឺ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​។ នៅក្នុង​ឯកសារ​ដែល​បាន​បញ្ជូន​ឡើង​ទៅ​កាន់​ SEC លោក ម៉ាស និយាយ​ថា លោក​ចង់បន្ត​ដំណើរ​ការ​ទិញ​ដូរ​ Twitter ដែល​ត្រូវ​បាន​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​កាល​ពី​ថ្ងៃទី ២៥ មេសា ២០២២​។

លោក ម៉ាស កាលពី​ខែ​កក្កដា បាន​ប្រកាស​ថា លែង​​ចង់​ទិញ​ Twitter ដោយ​ចោទ​ថា បណ្ដាញ​សង្គម​នេះ​រំលោភ​លើ​លក្ខខណ្ឌ​ជា​ច្រើន​ស្ដីពី​កិច្ច​ព្រម​ព្រៀង​ច្របាច់​បញ្ចូល​គ្នា​។ មេធាវី​របស់​លោក ម៉ាស អះអាង​ក្នុង​ឯកសារ​ថា Twitter មិន​អាច​ធ្វើ​បាន ឬ​បដិសេធ​ការ​ឆ្លើយតប​ទៅ​នឹងការ​ស្នើ​ឱ្យ​ផ្ដល់​ព័ត៌មាន​ស្ដីពី​គណនី​ក្លែង​ក្លាយ​នៅ​លើ​បណ្ដាញ​សង្គម​នេះ​។ នេះ​គឺជា​ប្រការ​សំខាន់​ចំពោះ​សកម្មភាព​ជំនួញ​របស់​ក្រុមហ៊ុន​នេះ​។

លោក​ ម៉ាស ក៏​បាន​ឱ្យ​ដឹង​ថា បាន​លុប​ចោល​ការ​ទិញ​ដូរ​បណ្ដាញ​សង្គម​នេះ​ ដោយ​សារ​ថា Twitter បាន​បញ្ឈប់​ការ​ងារ​របស់​មេដឹក​នាំ​ជាន់​ខ្ពស់​ និង​បុគ្គលិក​ឆ្នើម​ជា​ច្រើន​រូប​។

Twitter បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ខាង​លើ ហើយ​ក្រោយ​មក​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​លោក ម៉ាស បង្ខំ​ឱ្យ​មហា​សេដ្ឋី​រូប​នេះ​បង្ហើយ​កិច្ច​ការ​​ជួញដូរ​តាម​ការ​ព្រម​ព្រៀង​។

ភាគី​ទាំង​ពីរ​គ្រោង​នឹង​ឡើង​តុលាការ​រដ្ឋ Delaware នៅ​ថ្ងៃទី ១៧ តុលា​ខាងមុខ​។ Bloomberg ឱ្យ​ដឹង​ថា ក្រុម​អ្នក​ច្បាប់​របស់​លោក ម៉ាស យល់​ឃើញ​ថា រឿង​ក្ដី​នេះ​នឹង​កាន់​តែ​ពិបាក​ដោះស្រាយ​ ដោយ​សារ​ចៅក្រម​បាន​គាំទ្រ​ Twitter ជា​បន្ត​បន្ទាប់​។ កាល​ពី​ខែកក្កដា ក្រុម​អ្នកវិភាគ​ក៏​បាន​អះអាង​ថា អ៊ីឡុន ម៉ាស អាច​ចាញ់​ក្ដី​៕

Advertisement