រកបានប្រាក់​ចំណូល 3​ ពាន់​​លាន​​រៀល​/​ឆ្នាំ​ ពី​ការ​​លក់​​របស់​​របរ​​ទាំង​​ឡាយ​​​​ដែល​​មនុស្ស​​គ្រប់​គ្នា​​សុទ្ធ​​តែ​មាន

នាង​ Mona Mejia

មុន​ឆ្នាំ 2015 Mona Mejia គឺជា​អ្នកម្ដាយ និង​មេផ្ទះ​ដែល​មើល​ថែកូន 3 នាក់ នៅក្នុង​ទីក្រុង Houston ប៉ុន្តែ​បច្ចុប្បន្ន ក្នុង​វ័យ 44 ឆ្នាំ នាង​អាច​រកបាន 735,000 ដុល្លារ​អាម៉េរិក (ជាង 3 ពាន់​លាន​រៀល) ក្នុង​មួយឆ្នាំ ដោយ​ប្រកប​របរ​រក​ស៊ី​​នៅផ្ទះ នេះ​បើតាម Insider។

Mona Mejia លក់​ខោអាវ សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ និង​ប្រដាប់​លេង​ទាំងចាស់ ទាំងថ្មី តាមរយៈ​បណ្ដាញ​សង្គម។ ដំបូង Mona Mejia លក់​តែ​របស់ចាស់ៗដែល​នាង​មាន ហើយ​ក្រោយមក​យកប្រាក់​បន្តិចបន្ដួច​នោះ​ទៅ​ទិញ​ខោអាវ​ដែល​ក្រុមហ៊ុន ឬ​ម្ចាស់​ហាង​លក់​លាង​ឃ្លាំង ឬ​សល់​ក្នុង​ឃ្លាំង​ច្រើន យក​មក​​​លក់​វិញ​​ក្នុងតម្លៃ​ថ្លៃ​ជាង​។

ឆ្នាំ 2015 គ្រួសារ​របស់ Mejia ត្រូវការ​ប្រាក់ចំណូល​ប​ន្ថែ​ម​ដើម្បី​ផ្គត់ផ្គង់​ជីវភាព។ បន្ទាប់ពី​មានការ​ណែនាំ​ពី​បងស្រី Mejia ក៏បាន​ចាប់ផ្ដើម​ដាក់លក់​របស់របរ​ដែល​នាង​មាន​នៅលើ​ថ្នាល Poshmark។ លើកដំបូង Mejia លក់បាន​រ៉ូ​ប​មួយ​តម្លៃ 36 ដុល្លារ ក្រោយពី​បើក​គណនី​បាន 11 ម៉ោង។ ពេល​ចាប់ផ្ដើម​ដាក់លក់​ទំនិញ​ច្រើនជាង​មុន នាង​ដឹងថា ទាំងអស់​សុទ្ធតែ​លក់ដាច់​ក្នុង​រយៈពេល​ដ៏​ខ្លី ហើយ​បាន​ប្រាក់ភ្លាមៗ។

ពីរ​ឆ្នាំ​ក្រោយមក ស្វាមី​របស់ Mejia ត្រូវ​វះកាត់​ព្យាបាល​បេះដូង។ ពេលនោះ Mejia ត្រូវ​រកប្រាក់​តែឯង​ដើម្បី​ចិញ្ចឹម​គ្រួសារ។ នាង​ក៏​ចាប់ផ្ដើម​ដាក់លក់​ទំនិញ​​នៅលើ​ថ្នាល​បច្ចេកវិទ្យាផ្សេងៗគ្នា និង​រកបាន​ប្រហែល 1,000 ដុល្លារ​រៀងរាល់​សប្ដាហ៍។ អំឡុង​ពេលនោះ Mejia រកបាន​ប្រាក់​ខ្ទង់ 50,000 ដុល្លារ/ឆ្នាំ។

ក៏ប៉ុន្តែ រហូតដល់​ជិត​មួយឆ្នាំ​មុន នៅពេល Mejia ចាប់ផ្ដើម​លក់​នៅក្នុង​កា​រ​ឡាយ (live) តាម Instagram, TikTok និង Facebook ទើប​ការរកស៊ី​ប្រកបដោយ​ជោគជ័យ​របស់​នាងបាន «ផ្ទុះឡើង» ពិតប្រាកដ។

Mejia សហការ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទំនិញ​នានា​ដើម្បី​ទទួលបាន​តម្លៃ​ទាប​ជាង​ទីផ្សារ។ យុទ្ធសាស្ត្រ​នេះ​បាន​ជួយ​ឱ្យ​នាង​មានប្រៀប​ជាង​គូប្រជែង​ដទៃ។ Mejia ក៏​ថែមទាំង​អាច​រកបាន​ប្រាក់​ពី​ក្រុមហ៊ុន​នានា នៅពេល​នាង​ស្លៀកពាក់​ឈុត​ដែល​​ស្នើ​ដោយ​ក្រុមហ៊ុន​ទាំងនោះ នៅពេល​ឡាយ​វីដេអូ​តាម​បណ្ដាញ​សង្គម។

កាលពី​ឆ្នាំ 2021 Mejia ធ្លាប់​រកបាន​ប្រាក់ចំណូល 735,000 ដុល្លារ ពីមុខ​ជំនួញ និង​ការសហការ​រវាង​នាង និង​បណ្ដា​ក្រុមហ៊ុន​សម្លៀកបំពាក់។

បើទោះជា​ការដែល​មាន​មនុស្ស​តាមដាន​ច្រើន​លើ​បណ្ដាញ​សង្គម អាច​នាំមក​នូវ​អត្ថប្រយោជន៍​ក្នុងការ​លក់ទំនិញ ប៉ុន្តែ អ្នក​អាច​ចាប់ផ្ដើម​ពី​ពេលនេះ​បាន មិនបាច់​រង់ចាំ​ដល់​ល្បីឈ្មោះ​នោះទេ នេះ​បើតាម Mona Mejia។

ប្រាក់ចំណូល​របស់ Mejia បាន​កើន 30% ក្នុង​រយៈពេល 6 ខែ​កន្លងទៅ។ នាង​ក៏មាន​ផែនការ​បើកហាង​លក់រាយ «pop up» មួយ​នៅ​ឆ្នាំក្រោយ​ នៅក្នុង​ទីក្រុង Houston សហរដ្ឋ​អាម៉េរិក៕

Advertisement