ក្រុមហ៊ុន​អប់រំ​របស់ អ្នកឧកញ៉ា គួច ម៉េង​លី ប្រកាស​ពី​ពេលវេលា​ឡើង​ផ្សារ​ហ៊ុន

ក្រុមហ៊ុន​អប់រំ MJQ Education ដែលមាន​សាលា​ចំនួន 15 សាខា ត្រៀមខ្លួន​ឡើង​ផ្សារ​ហ៊ុន នៅ​ចុងខែ​មីនា ឬ​ដើមខែ​មេសា ឆ្នាំ 2023 នេះ​បើតាម អ្នកឧកញ៉ា​បណ្ឌិត គួច ម៉េង​លី ថ្លែង​នៅក្នុង​ពិធី​បើកសម្ពោធ​ក្រុមហ៊ុន​ដឹកជញ្ជូន អឹម ជេ ឃ្យូ ត្រា​វែ​ល ឯ.ក នៅ​ព្រឹក​ថ្ងៃទី 15 ធ្នូ 2022។

អ្នកឧកញ៉ា​បណ្ឌិត គួច ម៉េង​លី ដែលជា​ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន ម៉េង​លី ជេ គួច អេ​ឌ្យូ​ខេ​សិន (MJQ Education) បាន​ប្រកា​លពី​កាលបរិច្ឆេទ​នៃ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​លើកដំបូង (IPO) នេះ បន្ទាប់ពី​បានប្រកាស​ត្រៀម​យក​សាលា​ឡើង​ផ្សារ​ហ៊ុន​កាលពីពេល​កន្លងទៅថ្មីៗនេះ។

«ការឡើង​ទីផ្សារ​ហ៊ុន​នេះ​នឹង​ចាប់ផ្ដើម​នៅ​ចុងខែ 3 និង​ដើមខែ 4 ហើយនឹង​ចាប់ផ្ដើម​ប្រកា​សលក់ ហើយ​និង​ផ្សព្វផ្សាយ​ពី​ខែ 1 ទៅ» អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ម៉េង​លី ជេ គួច អេ​ឌ្យូ​ខេ​សិន ថ្លែង​ដូច្នេះ និង​បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុន​ហ៊ុន​ត្រូវការ​ថវិកា​ដើម្បី​ពង្រីក​សាខា​សាលា​ទៅតាម​ខេត្ដ និង​តំបន់​ដាច់ស្រយាល។

អ្នកឧកញ៉ា​បណ្ឌិត គួច ម៉េង​លី ក៏បាន​បង្ហើប​ឱ្យដឹងថា អនាគត​ក្រុមហ៊ុន MJQ Education នឹង​ពង្រីក​សាលា​ឱ្យបាន​យ៉ាងតិច 160 សាខា​នៅ​ទូទាំងប្រទេស៕

Advertisement