ទំហំ​ពាណិជ្ជកម្ម​រវាង កម្ពុជា-ចិន កើនឡើង​ដល់​ជាង 14 ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ 2022

(កំពត)- ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ចិន នៅ​ឆ្នាំ 2022 នេះ មាន​រហូតដល់ 14,500 លាន​ដុល្លារ​អាម៉េរិក កើន​ជាង19% ហើយ​សង្ឃឹមថា នឹង​កើនឡើង​ថែមទៀត នេះ​បើតាម​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​ស្តារ និង​លើក​កម្រិត​គុណភាព​ភាព​ផ្លូវជាតិ​លេខ 31 និង 33 នៅ​ព្រឹក​ថ្ងៃទី 30 ធ្នូ 2022។

មូល​ហេតុដែល​ធ្វើឱ្យ​ទំហំ ពាណិជ្ជកម្ម​កើនឡើង​នេះ ត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន អះអាងថា ដោយសារ ប្រទេស​ទាំងពីរ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​ជួយ​ឱ្យ​កម្ពុជា អាច​នាំចេញ​ទំនិញ​ទៅ ប្រទេស​ចិន បាន​ច្រើនជាង​មុន។

ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​ខាងលើ ប្រមុខ​រាជរដ្ឋាភិបាល​បាន​មានប្រសាសន៍ថា «ឆ្នាំនេះ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ចិន មាន​ចំនួន​រហូតដល់ 14,500 លាន​ដុល្លារ​អាម៉េរិក មាន​កំណើន​ដល់​ជាង 19% ហើយ​នៅពេល​ខាងមុខ ខ្ញុំ​សង្ឃឹមថា នឹងមាន​សមត្ថភាព​នាំ​ទំនិញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន កាន់តែច្រើន តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​ចិន ផ្តល់​អាទិភាព​ខ្ពស់ អនុគ្រោះ​ពន្ធ​រហូតដល់ 97.43%»។

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន កាលពី​ឆ្នាំ​កន្លង បាន​ឡើងដល់​ជាង 11 ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈ​ឆ្នាំនេះ គ្រោង​នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យបាន​ឡើងដល់ 15 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

Advertisement