ការនាំចេញ​រថយន្ត​អគ្គិសនី​របស់​ចិន កើនឡើង​ខ្ពស់​ខ្លាំង ដោយសារ​តម្រូវការ​នៅ​អឺរ៉ុប

រថយន្ត​អគ្គិសនីរបស់​ក្រុមហ៊ុន​ចិន MG

ការនាំចេញ​រថយន្ត​អគ្គិសនី​របស់​ចិន បាន​បង្កើត​ឯតទគ្គ​កម្ម​ថ្មី ដោយ​កើន​ជាង​ទ្វេដង​ក្នុង​ខែវិច្ឆិកា ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លង មួយផ្នែក​គឺ​ដោយសារ​អ្នក​ផលិត​រថយន្ត​របស់ អឺរ៉ុប ងាក​មក​ផលិត​នៅ ប្រទេស​ចិន។

ក្រុម​អ្នក​ផលិត​រថយន្ត​នៅ ប្រទេស​ចិន បាន​នាំចេញ​រថយន្ត​អគ្គិ​សី​សរុប​តម្លៃ 3.2 ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ខែវិច្ឆិកា 2022 នេះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយក​ពន្ធដារ​ចិន។ បណ្ដា​ប្រទេស​អឺរ៉ុប មានដូចជា អង់គ្លេស និង បែលហ្ស៊ិក ជាដើម គឺជា​អ្នក​នាំចូល​រថយន្ត​អគ្គិសនី​ពី ប្រទេស​ចិន ច្រើនជាងគេ ដោយមាន​ចំណែក​ជិត 70%។

ការនាំចេញ​រថយន្ត​អគ្គិសនី​រួមចំណែក​ជាង​ពាក់កណ្ដាល​នៅក្នុង​ចំណោម​បរិមាណ​រថយន្ត​ដែល ចិន បាន​នាំចេញ​ក្នុង 2 ខែ​បន្តបន្ទាប់ ក្នុងនោះ ខែវិច្ឆិកា លក់បាន 6 ពាន់​លាន​ដុល្លារ​អាម៉េរិក។

តួលេខ​ទាំងនេះ​ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល​ក្រុម​អ្នក​ផលិត​រថយន្ត​របស់ អឺរ៉ុប មានដូចជា Volkswagen និង BMW ជាដើម បានកំណត់​គោលដៅ​ផលិត​គ្រឿងបន្លាស់ និង​រថយន្ត​នៅ ប្រទេស​ចិន ដោយសារតែ​លទ្ធភាព​នៃ​ការផលិត​រថយន្ត​អគ្គិសនី​នៅក្នុង​ស្រុកនៅ​​មានកំណត់។

ក្រុម​ហ៊ុន​ចិន SAIC Motor ដែលជា​អ្នកគ្រប់គ្រង MG Motors ក៏បាន​ពង្រីក​បណ្ដាញ​ចែកចាយ​ដើម្បី​លក់​រថយន្ត​អគ្គិសនី​នៅ អឺរ៉ុប តាមរយៈ​ការនាំ​ចូល​ពី ​ប្រទេស​ចិន។

Tesla បាន​នាំចេញ​រថយន្ត​ជាង 37,000 គ្រឿង​ពី ប្រទេស​ចិន ទៅកាន់ អឺរ៉ុប កាលពី​ខែ​កន្លង ក្រោយពី​បាន​នាំចេញ​តែ 60 គ្រឿង​នៅក្នុង​ខែមីនា និង​មិនបាន​នាំចេញ​ក្នុង​ខែមេសា នៅពេល​ក្រុមហ៊ុន​នេះ​ផ្អាក​ការដំឡើង ដោយសារ​កូ​វីដ-19 នៅ សៀង​ហៃ៕

Advertisement