រថយន្តអគ្គិសនី Tesla ត្រូវ​បាន​បញ្ចុះតម្លៃ​ខ្លាំង នាំឱ្យ​អតិថិជន​ចិន​ធ្វើបាតុកម្ម

ម្ចាស់​រថយន្ត​អគ្គិសនី Tesla ប្រហែល 200 នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ទីតាំង​ប្រគល់​ទំនិញ​របស់ Tesla នៅ សៀង​ហៃ ប្រទេស​ចិន ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការសម្រេច​បញ្ចុះតម្លៃ​លើក​ទី​ពីរ​ក្នុង​រង្វង់​មិន​ដល់ 3 ខែ​ដែល Tesla ទើបតែ​បាន​អនុវត្ត។

ក្រោយ​រដូវ​កាល​បញ្ចុះតម្លៃ​ថ្មី​បំផុត​ដែល​ត្រូវបាន Tesla អនុវត្ត​សម្រាប់​ទីផ្សារ​ចិន បណ្ដា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​នេះ​កំពុងតែ​ត្រូវបាន​លក់​ក្នុងតម្លៃ​ទាប​ជាង​ពី 13% ទៅ 24% ធៀប​នឹង​តម្លៃ​ក្នុង​ខែកញ្ញា 2022។

ក្រុម​អតិថិជន​របស់ Tesla នៅក្នុង​ទីក្រុងផ្សេងៗមួយចំនួនទៀត​របស់​ប្រទេស​ចិន ក៏មាន​ការតវ៉ា​ស្រដៀង​នៅ​សៀង​ហៃ។ ក្នុងនោះ នៅ​តំបន់​ខ្លះ​ក៏មាន​ការបញ្ជូន​ក្រុមប៉ូលិស​ទៅ​រំសាយ​ក្រុមអ្នកតវ៉ា​នៅ​ខាងក្រៅ​ហាង Tesla ផងដែរ។

អ្នកនាំពាក្យ​របស់ Tesla នៅ​ប្រទេស​ចិន បាន​ប្រាប់ Reuters ថា ក្រុមហ៊ុន​នេះ​មិនមាន​គម្រោង​ផ្ដល់​សំណង​ចំពោះ​អតិថិជន​ដែល​បានទទួល​រថយន្ត​មុនពេល​ការបញ្ចុះ​តម្លៃ​ត្រូវបាន​ប្រកាស​នាពេលថ្មីៗនេះ​ឡើយ សម្រាប់ Model 3 និង Model Y។

សកម្មភាព​របស់ Tesla ត្រូវបាន​គេ​មើលឃើញថា គឺ​ដើម្បី​ជំរុញ​កំណើន​​នៃ​ការលក់​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​នេះ​នៅ​ទីផ្សារ​ចិន។ ប៉ុន្តែ ឥរិយាបថ​នេះ​ក៏​នឹង​អាច​ធ្វើឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដទៃ​ធ្វើ​ត្រាប់​តាម​ផងដែរ​៕

Advertisement