បង្គា​មាន​ផ្ទុក​សារធាតុ​​ចាហួយ​ជិត 200 គីឡូក្រាម ត្រូវ​អាជ្ញាធរ​រកឃើញ​នៅ​ភ្នំពេញ

ផលិតផល​សមុទ្រ​ស្រស់​រាប់រយ​គីឡូក្រាម​នៅ​ម្តុំ​ត្រឡោកបែក ត្រូវបាន​មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (CCF) រកឃើញថា មាន​ផ្ទុក​ចាហួយ។

ក្នុង​គោលបំណង​ដើម្បី​ការពារ​សុខុមាលភាព និង​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់ ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​ខាងមុខ  ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក.ប.ប. បាន​ណែនាំ​មន្ត្រីក្រោមឱវាទ ឱ្យ​បង្កើន​សកម្ម​ភាពចុះ​ត្រួតពិនិត្យ​បណ្តា​ទីផ្សារ​នៅ​ទូទាំងប្រទេស ដើម្បី​ទប់ស្កាត់​ការ​ចរាចរ​ទំនិញ​មិនមាន​អនុលោមភាព ពិសេស​ម្ហូបអាហារ។

ជាក់ស្តែង កាល​ពី​​ថ្ងៃទី 19 មករា 2023 ក្រុម​មន្ត្រី​អគ្គនាយកដ្ឋាន​ក.ប.ប. ប្រចាំរាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ស្តង់​លក់​ផលិតផល​សមុទ្រ​ស្រស់​នៅ​ម្តុំ​ត្រឡោកបែក ដើម្បី​យក​គំរូ​មក​វិភាគ​រក​វត្តមាន​សារធាតុ​គីមី​ហាមឃាត់ ដោយ​ប្រើប្រាស់​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ។

យោង​លទ្ធផល​វិភាគ​ខាងលើ​បាន​រកឃើញថា បង្គា​ចំនួន 180 គីឡូក្រាម មាន​ចាក់​បញ្ចូល​សារធាតុ CMC (ចាហួយ)។ មន្ត្រី​ជំនាញ​បាន​អនុវត្ត​នីតិវិធី​ពិន័យ​អន្តរការណ៍ រឹបអូស​ទំនិញ​ទាំង​នោះមក​កម្ទេចចោល នេះ​បើតាម អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF។

យោងតាម​អគ្គនាយកដ្ឋាន​ក.ប.ប. សារធាតុ CMC (ចាហួយ) ជា​សារធាតុ​ដែល​ឈ្មួញ ខិលខូច​មួយចំនួន តែង​យកមកប្រើ​ប្រាស់​សម្រាប់​ចាក់​បញ្ចូល​ក្នុង​ផលិតផល​បង្គា​ស្រស់ ដើម្បី​បង្កើន​ទម្ងន់ ក្នុង​គោលបំណង​កឹ​ប​កេង​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់៕

Advertisement