វៀតណាមស្នើលក់ឧបករណ៍ប្រព័ន្ធ 5G “Made in Vietnam” ទៅឱ្យអាមេរិក

លោក Nguyen Manh Hung បានស្នើឱ្យសហរដ្ឋអាមេរិក បញ្ជូនអ្នកជំនាញមកវៀតណាម ដើម្បីពិនិត្យមើលថា តើឧបករណ៍ 5G (Made in Vietnam) ដែលផលិតនៅវៀតណាម មានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលអាចចូលក្នុងទីផ្សារអាមេរិកដែរ ឬអត់?។

វៀតណាមចង់លក់ឧបករណ៍ប្រព័ន្ធ 5G “Made in Vietnam” ទៅឱ្យអាមេរិក
លោក Nguyen Manh Hung និងលោក Seth Moulton

កាលពីថ្ងៃទី20 មករាកន្លងទៅ លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម បានទទួលជួបប្រតិភូតំណាងរាស្ត្រអាមេរិក។ នៅក្នុងជំនួបនោះ លោក Nguyen Manh Hung បានស្នើឱ្យភាគីអាមេរិក បញ្ជូនឈ្មួញ និងអ្នកជំនាញការមកពិភាក្សាជាមួយភាគីវៀតណាម អំពីស្ដង់ដារនៃបច្ចេក​ទេស 5G និងត្រួតពិនិត្យមើលឱ្យដឹងថា តើឧបករណ៍ 5G ដែលផលិតដោយវៀតណាម មានសមត្ថភាពគ្រប់គ្រាន់ដើម្បីអាចចូលទៅទីផ្សារអាមេរិកដែរ ឬយ៉ាងណា?។

វៀតណាមចង់លក់ឧបករណ៍ប្រព័ន្ធ 5G “Made in Vietnam” ទៅឱ្យអាមេរិក
លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម

ឆ្លើយតបនឹងសំណើរបស់វៀតណាម អនុប្រធានគណៈកម្មាធិការថវិកាជាតិ និងជាសមាជិកគណៈកម្មការកិច្ចការយោធានៃសភាជាន់ទាបអាមេរិក លោក Seth Moulton បានឱ្យដឹងថា ភាគីអាមេរិកទទួលពិចារណាសំណើនេះ ហើយនឹងឆ្លើយតបជាក់លាក់តាមរយៈស្ថានទូតរបស់ខ្លួន។

លោក Nguyen Manh Hung ក៏បានបញ្ជាក់ដែរថា ឆ្នាំ2020 នេះ វៀតណាមនឹងធ្វើឧស្សាហូបនីយកម្មប្រព័ន្ធ 5G និងដាក់ចេញនូវស្ដង់ដាស្ដីពីសន្តិសុខ ឬសុវត្ថិភាពសម្រាប់ប្រព័ន្ធនេះ។

ក្នុងតំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្ន គេកត់សម្គាល់ឃើញថា វៀតណាមគឺជាអ្នកនាំមុខគេក្នុងការអភិវឌ្ឍបច្ចេកវិទ្យា 5G។

កាលពីប៉ុន្មានថ្ងៃមុននេះ លោក Nguyen Manh Hung រួមជាមួយនឹងរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ដ្រ និងបច្ចេក​វិទ្យា​វៀតណាម Chu Ngoc Anh បានធ្វើតេស្តសាកល្បងប្រព័ន្ធ 5G ដែលផលិតដោយក្រុមហ៊ុន Viettel ដែលជាក្រុមហ៊ុនរដ្ឋដ៏ធំមួយរបស់វៀតណាម។

សូមបញ្ជាក់ថា បច្ចុប្បន្នក្នុងពិភពលោក មានតែក្រុមហ៊ុនចំនួន5 ប៉ុណ្ណោះ ដែលផលិតបានដោយជោគជ័យនូវប្រព័ន្ធ 5Gនេះ ក្នុងនោះរួមមានក្រុមហ៊ុន Ericsson, Nokia, Huawei, Samsung និង ZTE។ Viettel នឹងក្លាយជាក្រុមហ៊ុនទី6 ក្នុងពិភពលោកដែលផលិត និងផ្ដល់សេវាបច្ចេកវិទ្យា5G៕

ប្រភព៖សារព័ត៌មានបរទេស

Advertisement