កូរ៉េខាងត្បូងដាក់ពន្ធនាគារច្រើនឆ្នាំ ចំពោះជនដែលឆ្លៀតឱកាសដំឡើងថ្លៃម៉ាស់

ភ្ញៀវ​ទេស​ចរណ៍កំពុង​ពាក់​ម៉ាស នៅ​មុខវាំង​​ ក្នុង​ក្រុង​​សេអ៊ូល ​កូរ៉េខាង​ត្បូង

រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសថា ឈ្មួញទាំងឡាយណាដែលឆ្លៀតឱកាសដំឡើងថ្លៃម៉ាស់ និងផលិត​ផល​ជួយ​ទប់ស្កាត់វីរុសកូរ៉ូណា នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ពី 2ឆ្នាំ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានឱ្យដឹងកាលពីម្សិលម៉្ងៃ (3កុម្ភៈ) ថា តម្រូវការរបស់ពលរដ្ឋបាន​កើនឡើងច្រើន ធ្វើឱ្យមានសកម្មភាពឆ្លៀតឱកាសដំឡើងតម្លៃម៉ាស់ និងផលិតផលការពារមេរោគនៅប្រទេសនេះ ក៏បានកើនឡើងច្រើនផងដែរ។ ផលិតផលទាំង 2មុខនេះ ត្រូវបានចាត់ចូលក្នុងមុខទំនិញពិសេស។

នៅ​កូរ៉េ​ខាង​ត្បូង អ្នក​ជូញដូរ​ម៉ាស​ខុស​ច្បាប់ នឹងត្រូវប្រឈមមុខជាមួយការជាប់ពន្ធនាគាររយៈពេល 2ឆ្នាំ ឬត្រូវពិន័យជាប្រាក់ឡើងដល់ 50លានវ៉ុន (ជាង 42,000ដុល្លារអាមេរិក)។

ចាប់ពីថ្ងៃនេះ (5កុម្ភៈ) តទៅ ឈ្មួញទាំងឡាយណាដែលរក្សាទុកផលិតផលទាំង 2មុខខាងលើ ក្នុងបរិមាណច្រើន​ជាង1,5ដង បើធៀបនឹងបរិមាណមធ្យមប្រចាំខែរបស់ពួកគេ នឹងត្រូវប្រឈមមុខជាមួយការជាប់ពន្ធនាគាររយៈពេល 2ឆ្នាំ ឬត្រូវពិន័យជាប្រាក់ឡើងដល់ 50លានវ៉ុន (ជាង 42,000ដុល្លារអាមេរិក)។

នៅ​កន្លែង​មួយ​ក្នុង​តំបន់​ក្បែរ​ព្រំ​ដែន​ចិន-វៀតណាម ពលរដ្ឋ​ចិន​នាំ​គ្នា​មក​ទិញ​ដូរ​ម៉ាស​​យក​ទៅ​លក់​បន្ត​ដើម្បី​បាន​ចំណេញច្រើន​

បទបញ្ញត្តិខាងលើនេះ ត្រូវបានធ្វើឡើងក្នុងស្ថានភាពអាសន្នរោគរលាកសួតពីវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) បាន និងកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័ស ចេញពីក្រុង Wuhan ប្រទេសចិនទៅដល់ប្រទេស និងតំបន់ចំនួន 28 ក្នុងពិភពលោក ក្នុងនោះមានកម្ពុជាផងដែរ និងបណ្ដាលឱ្យមានអ្នកស្លាប់ 492នាក់ និងអ្នកឆ្លងមេរោគនេះមានចំនួន 24,469នាក់។

ប្រជាជនកូរ៉េខាងត្បូងមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីប្រទេសនេះបានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាចំនួន 16នាក់។ ពលរដ្ឋចំនួនជាងកន្លះលាននាក់ បានចុះហត្ថលេខាលើញត្តិមួយផ្ញើទៅកាន់វិមានខៀវ (The Blue House) ស្នើឱ្យរដ្ឋាភិបាលហាមជនជាតិចិនចូលស្រុកជាបណ្ដោះអាសន្ន។ កូរ៉េខាងត្បូងបានជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់ Wuhan ប្រទេសចិនរួចហើយ និងបានដាក់ពួកគេឱ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព។

ការ​រត់​ពន្ធ​ម៉ាស​ឆ្លង​ដែន ត្រូវ​បាន​ឈ្មួញ​ធ្វើ​ឡើង​ក្នុង​រូប​ភាព​ផ្សេង​ៗ​គ្នា

ចំណែកឯរដ្ឋាភិបាលចិនវិញ បានប្រកាសថា ប្រទេសនេះកំពុងត្រូវការម៉ាស់ សម្លៀកបំពាក់ការពារ និងវ៉ែនតាការពារមេរោគក្នុងបរិមាណច្រើនជាបន្ទាន់ ដើម្បីទប់ទល់នឹងមេរោគកូរ៉ូណាប្រភេទ nCoV។ ជាការឆ្លើយតប​នឹងតម្រូវការខាងលើ ប្រទេសជប៉ុន កូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន ជាដើម បានផ្ដល់ជំនួយសម្ភារវេជ្ជសាស្ត្រទៅឱ្យប្រទេសចិនជាបន្តបន្ទាប់ហើយ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ កាលពីថ្ងៃទី 29មករាកន្លងទៅ គណៈកម្មការគ្រប់គ្រងទីផ្សារនៃក្រុង​ប៉េកាំង​ បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា ខ្លួនបានផ្ញើលិខិតពិន័យទៅកាន់ឱសថស្ថាន Beijing Jimin Kangtai Pharmacy ព្រោះតែឱសថស្ថានមួយនេះបានដំឡើងតម្លៃហួសហេតុទៅលើម៉ាស់ប្រភេទ N95។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

ពលរដ្ឋ​វៀតណាម នាំ​គ្នា​បង្កើត​ផ្សារ​មួយ​កន្លែង​នៅ​ក្បែរ​ព្រំដែន​វៀតណាម-ចិន ដើម្បី​ជួញដូរ​ម៉ាស

ទូរទស្សន៍ជាតិរបស់ចិន បានរាយការណ៍ថា ឱសថស្ថាននេះបានដំឡើងថ្លៃម៉ាស់ដែលមានរូបសញ្ញា 3M ឡើងដល់ 850យន់ (121ដុល្លារអាមេរិក)ក្នុង 1ប្រអប់ ខណៈនៅក្នុងទីផ្សារអនឡាញមានតម្លៃតែ 143យន់។ ជាមធ្យម ម៉ាស់នៅតាមឱសថស្ថាននានា 1ប្រអប់មានម៉ាស់ចំនួន 50បន្ទះ។

អ្នក​រត់ពន្ធ​ម៉ាស​ឆ្លងដែន​ទៅ​ចិនម្នាក់ ត្រូវ​អាជ្ញាធរ​វៀត​ណាម​ចាប់​ឃាត់​ខ្លួន

ទន្ទឹមនឹងនេះដែរ នៅឯប្រទេសជិតខាងចិន ដូចជាវៀតណាមជាដើម តម្លៃម៉ាស់ និងទឹកសម្អាតមេរោគ ក៏​បានឡើងថ្លៃខ្លាំងដែរ ព្រោះថា ឈ្មួញខ្លះបានប្រមូលទិញម៉ាស់ក្នុងស្រុកយកទៅលក់ឱ្យឈ្មួញនៅតាមព្រំដែនជាប់ជាមួយចិន។ ជាក់ស្ដែង កាលពីថ្ងៃទី3កុម្ភៈ អាជ្ញាធរខេត្ត Vinh Phuc នៅវៀតណាមខាងជើងបានឃាត់ខ្លួនឈ្មួញជាច្រើននាក់ ដែលនាំម៉ាស់ពីប្រទេសវៀតណាមទៅកាន់ប្រទេសចិនដោយខុសច្បាប់។ ម៉ាស់ដែលត្រូវបានរឹបអូសក្នុងថ្ងៃនោះ មានចំនួនសរុប 26,100បន្ទះ។ នេះបើតាមសារព័ត៌មាន Thanhnien៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement