សណ្ឋាគារ​ត្រូវ​ក្ស័យ​ធន ព្រោះ​តែ​អាសន្ន​រោគ​កូរ៉ូណា Covid-19

ជប៉ុន៖ សណ្ឋា​គារ​មួយ​នៅ​ក្នុង​ខេត្ត​ Aichi បាន​ក្លាយ​ជាក្រុម​ហ៊ុន​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​ជប៉ុន​ ដែល​បាន​ដាក់​ពាក្យ​សុំ​ក្ស័យ​ធន ដោយ​សារ​តែ​ចំនួន​ភ្ញៀវ​មក​ស្នាក់​នៅ​ បានថយ​ចុះ​យ៉ាង​គំហុក​ ខណៈ​អាសន្ន​រោគ​កំពុង​រាត​ត្បាត​ប្រទេស​នេះ។

សណ្ឋាគារ​ Fujimiso នៅ​ក្នុង​តំបន់ Gamagori នៃ​ខេត្ត Aichi កាល​ពី​សប្ដាហ៍​មុន​បាន​ប្រកាស​ថា​នឹង​ដាក់​ពាក្យ​សុំ​ក្ស័យ​ធន​ទៅ​កាន់​តុលាការ​ខណ្ឌ Nagoya ក្នុង​ទីក្រុង Toyohashi ខេត្ត Aichi ប្រទេស​ជប៉ុន​។ នេះ​គឺជា​ក្រុម​ហ៊ុន​ដំបូង​គេ​បង្អស់​នៃ​ប្រទេស​ជប៉ុន ដែលត្រូវ​ក្ស័យ​ធន​ទាក់​ទិន​នឹង​វិបត្តិ​អាសន្ន​រោគ​ Covid-19។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​ Tokyo Shoko Research។

សណ្ឋគារ​ Fujimiso បាន​ចាប់​ផ្ដើម​ផ្ដោត​​ទៅ​លើ​ការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ពី​ប្រទេស​ចិន​ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ។ ប៉ុន្តែ ចាប់​ពី​ខែ​មករា ភ្ញៀវ​ទេស​ចរ​ពី​ប្រទេស​ចិន បាន​លុប​ចោល​ការ​កក់​បន្ទប់​ជា​បន្ត​បន្ទាប់​ ធ្វើ​ឱ្យ​សណ្ឋា​គារ​នេះ​ជួប​បញ្ហា​ហិរញ្ញវត្ថុ។ សណ្ឋាគារ​នេះ បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​​1956 ហើយ​បច្ចុប្បន្ន មាន​ទុន​96​លាន​យ៉េន។

មន្ត្រី​ផ្នែក​ទេសចរណ៍​បាន​ឱ្យ​ដឹង​ ភ្ញៀ​វ​ទេសចរ​ចិន​ដែល​លុប​ចោល​ការ​កក់​សណ្ឋាគារ​នៅ​ជប៉ុន​ នឹង​កើន​ឡើង​ដល់​ 400,000​ក្រុម​នៅ​ចុង​ខែ​នេះ ដោយ​សារ​តែ​ការ​រាត​ត្បាត​ខ្លាំង​នៃ​អាសន្ន​រោគ​កូរ៉ូណា​។ សមាគមក្រុម​ហ៊ុន​ទេស​ចរណ៍​ជប៉ុន​យល់​ថា តួលេខ​ពិត​អាច​នឹង​ខ្ពស់​ជាង​នេះ​ច្រើន ព្រោះថា​ពួកគេ​មិន​ទាន់​បាន​បូក​រួម​ទាំង​ក្រុម​អ្នក​​ទេស​ចរដែល​មក​ក្នុង​នាម​​បំពេញ​បេសក​កម្ម​នៅឡើយ​។

យោង​តាម​ការ​ស្ទង់​មតិ​អន​ឡាញដែល Tokyo Shoko Research បាន​ធ្វើ​ឡើងទៅ​លើ​ក្រុម​ហ៊ុន​​ចំនួន​ជាង​12,300​​​​ចាប់​ពី​ថ្ងៃទី​7កុម្ភៈ ដល់​26កុម្ភៈ បាន​ឱ្យ​ដឹង​ថា​ 66%​ បាន​ប្រាប់​ថា ពួកគេ​ទទួល​រង​ផល​ប៉ះពាល់​ពី​អាសន្ន​រោគកូរ៉ូណា ដូចជា​បញ្ហា​អតិថិ​ជន​លុប​ចោល​ដំណើរ​ទេស​ចរណ៍ សង្វាក់​ផ្គត់​ផ្គង់​ត្រូវ​អាក់​ខាន និង​ប្រាក់​ចំណូល​ត្រូវ​ថយ​ចុះ​ជា​ដើម។ នេះ​បើ​តាម​ទីភ្នាក់​ងារ​សារ​ព័ត៌មាន Japan Times។

គិត​មក​ដល់​ពេល​នេះ ប្រទេស​ជប៉ុន​ មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូរ៉ូណា​ចំនួន 6នាក់ និង​មាន​អ្នក​ជំងឺ​ចំនួន 256​នាក់ ដែលនេះមិន​ទាន់​បាន​បូក​រួម​ទាំង​​អ្នក​ជំងឺ​នៅ​លើ​នាវា​ Diamond Princess នៅឡើយ​។ នៅ​ទូទាំង​ពិភពលោក ​អ្នក​ស្លាប់​ដោយ​សារ​អាសន្ន​រោគ​ Covid-19 បាន​កើន​ដល់​3,048នាក់​ និង​អ្នក​បាន​ឆ្លង​មេរោគ​នេះ​ មាន​ចំនួន​ជាង 89,198​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement