Jack Ma ដណ្ដើម​បាន​តំណែង​អ្នក​មាន​បំផុត​នៅ​អាស៊ីវិញ​ហើយ ខណៈ​អ្នក​មាន​បំផុត​ទាំង​500នាក់​របស់​ពិភពលោក បាន​បាត់​បង់​ប្រាក់​ 238.5ពាន់​លាន​ដុល្លារ​អាមេរិក កាល​ពី​ម្សិល​ម៉្ងៃ

ក្រោយ​ពី​បាន​លក់​មូលបត្រ​ទូទាំង​ពិភព​លោក​កាលពី​ថ្ងៃទី​9មីនា​កន្លង​ទៅ ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋី​ឥណ្ឌា លោក Mukesh Ambani បានថយ​ចុះ​មក​នៅ​ក្រោម​​ស្ថានិក​ Alibaba គឺ​មហាសេដ្ឋី​ចិន លោក Jack Ma។

យោង​តាម​ Bloomberg Billionaires Index លោក Mukesh Ambani បាន​បាត់​បង់​5.8ពាន់​លាន​ដុល្លារ​អាមេរិក​កាល​ពី​ម្សិល​ម៉្ងៃ (9មីនា) ធ្វើ​ឱ្យ​គាត់​បាត់​បង់​តំណែង​ជា​អ្នក​មាន​បំផុត​ប្រចាំ​ទ្វីប​អាស៊ី ដោយ​ធ្លាក់​ទៅ​លើ​ដៃ​មហា​សេដ្ឋី​ចិន លោក Jack Ma ដែល​ជា​ស្ថានិក​នៃ​ក្រុម​ហ៊ុន​ Alibaba។ មហាសេដ្ឋី​ចិន Jack Ma បច្ចុប្បន្ន មាន​ទ្រព្យ​ 44.5ពាន់​លាន​ដុល្លារ​អាមេរិក ច្រើន​ជាង​មហាសេដ្ឋី​ឥណ្ឌា លោក Mukesk Ambani​ ប្រមាណជា​ 2.6ពាន់​លាន​ដុល្លារ​អាមេរិក​។

មូលបត្រ​ Alibaba កាល​ពី​ថ្ងៃទី​9មីនា បាន​ធ្លាក់​ថ្លៃ​3.41% នៅ​លើ​ផ្សារ​ហ៊ុន​ New York បណ្ដាល​ឱ្យ​មហាសេដ្ឋី Jack Ma បាត់​បង់​ 1.06ពាន់​លាន​ដុល្លារ​អាមេរិក។ ក៏ប៉ុន្តែ តម្លៃ​មូលបត្រ​ពហុ​វិស័យ Reliance Industries​ របស់​មហា​សេដ្ឋី Ambani បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ពោល​គឺ​ធ្លាក់​ថ្លៃ​ដល់​ទៅ​12% (ទាប​បំផុត​រាប់​ចាប់​ពី​ឆ្នាំ​2009មក​នេះ​)។ ចាប់​ពី​ដើម​ឆ្នាំ តម្លៃ​មូល​បត្រ​ Reliance Industries បាន​ថយ​ចុះ​សរុបចំនួន 26%។

ចំណែក​ Alibaba វិញ ថ្វី​បើ​​​រោគ​រាត​ត្បាត​ COVID-19 កំពុង​តែ​ “ធ្វើ​ទុក្ខ” ទៅ​លើ​វិស័យ​ជំនួញ​មួយ​ចំនួន​របស់​ក្រុម​ហ៊ុននេះ ប៉ុន្តែ​ COVID-19 ក៏​បាន​ជួយ​ជំរុញ​ឱ្យ​តម្រូវ​ការ​ដែល​ទាក់​ទិន​នឹង​បច្ចេក​វិទ្យា​ចល័ត​ មាន​កំណើន​ខ្ពស់​ ដែល​បាន​ និង​កំពុង​ហុច​ផល​ប្រយោជន៍​ខ្លះដល់​មហា​សេដ្ឋីចិន លោក Jack Ma។

តម្លៃ​មូលបត្រ​ទូទាំង​ពិភព​លោក កាល​ពី​ម្សិល​ម៉្ងៃ(9មីនា) បាន​ធ្លាក់​ចុះ​ខ្លាំង ដោយ​សារ​តម្លៃ​ប្រេង​បាន​ដាំ​ក្បាល​ចុះ​ ហើយ​អ្នក​វិនិយោគ​មាន​ការ​ព្រួយ​បារម្ភ​អំពី​រោគ​រាត​ត្បាត COVID-19។ កត្តា​នេះ​​ ក៏បាន​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ថា Reliance Industries មិន​អាច​សង​​អស់​បំណុល​នៅ​មុន​ដំណាច់​ឆ្នាំ​2021 ដូចដែល​មហា​សេដ្ឋី​ឥណ្ឌា Ambani បាន​សន្យា​។

ភាព​ច្របូក​ច្របល់​នៅ​លើ​ផ្សារ​ហ៊ុន​កាល​ពី​ម្សិល​ម៉្ងៃ ក៏បាន​ធ្វើ​ឱ្យ​អ្នក​មាន​មួយ​ចំនួនក្នុង​ពិភពលោក​ ត្រូវ​ខាត​បង់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​។ ទ្រព្យ​របស់​មហាសេដ្ឋី​ប្រេង​ Harold Hamm បាន​ថយ​ចុះ​រហូត​ដល់​ពាក់​កណ្ដាល​ នៅ​សល់​ត្រឹម​តែ​ 2.4ពាន់​លាន​ដុល្លារ​។ ចំណែក Jeff Hildebrand ក៏​បាត់​បង់ 3ពាន់​លាន​ដុល្លារអាមេរិក​។ សរុប​មក អ្នក​មាន​បំផុត​ទាំង​500នាក់​របស់​ពិភពលោក បាន​បាត់​បង់​ប្រាក់​ 238.5ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​លើ​ផ្សារ​ហ៊ុន​ កាល​ពី​ម្សិល​ម៉្ងៃ ដែល​ការ​ខាត​បង់​នេះ ខ្ពស់​ជាង​ពេល​ណាៗ​ទាំង​អស់​ រាប់​ចាប់​ពី​ឆ្នាំ​2016៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement